AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ — តុលាការកំពូលប្រទេសទាំងបី ដែលនាឆ្នាំនេះកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានរៀបចំសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម និងឡាវ ដើម្បីពង្រឹងទំនាក់ទំនងការងារ ការផ្លាស់ប្តូរបទពិសោធ និងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែនរវាងស្ថាប័នតុលាការនៃប្រទេសទាំង៣។

សន្និសីទនេះដែរ គេឃើញមានការចូលរួមពីសំណាក់ប្រធានតុលាការកំពូលប្រទេសទាំង៣ គឺ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូលកម្ពុជា ឯកឧត្តម ង្វៀន វ៉ាន់ក្វាង ប្រធានតុលាការប្រជាជនកំពូល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម ផាវី ស៊ីបួលីផា ប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងគណៈប្រតិភូនៃប្រទេសទាំងបីប្រទេសដើម្បីបើកកិច្ចប្រជុំរួមគ្នា។

ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូលកម្ពុជា បានថ្លែងក្នុងពិធីបើកសន្និសីទ ដែលរៀបចំឡើងនាសណ្ឋានគារ SUN & MOON Hotels នៅរាជធានីភ្នំពេញថា ក្នុងព្រឹត្តិការណ៍អង្គសន្និសីទនេះ គឺពិតជាបានបង្ហាញឱ្យឃើញថា តុលាការកំពូលប្រជាជននៃប្រទេសទាំងបី ពោលគឺកម្ពុជា វៀតណាម ឡាវ ខិតខំរួមគ្នាអនុវត្តសេចក្តីប្រកាសរួមលើកទី៧ នៅឆ្នាំ ២០២៤ នៅប្រទសវៀតណាមកន្លងមក ដោយមានការទទួលខុសត្រូវខ្ពស់ក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យតុលាការរវាងប្រទេសទាំងបី។

ការបើកសន្និសីទលើកទី៨ នេះដែរ ក៏ជាការពង្រឹងបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីបន្ថែមទៀតរបស់តុលាការដែលមានខេត្តជាប់ព្រំដែន ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងដោះស្រាយរឿងក្តីរដ្ឋវប្បវេណីរួមគ្នា ក៏ដូចជាកសាងនូវព្រំដែនសន្តិភាព និងអភិវឌ្ឍន៍រវាងប្រទេសជិតខាងគ្នា។ ជាងនេះទៅទៀត ក៏ដូចជាការអភិវឌ្ឍនៅតាមព្រំដែនដើម្បីឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងថែមទៀត។

ឯកឧត្តមបានថ្លែងបញ្ជាក់បន្ថែមថា ក្នុងសន្និសីទលើកនេះដែរនឹងកាន់តែជួយជំរុញដល់ការរួមគ្នាទប់ស្កាត់ បង្រ្កាបនូវបទល្មើសឆ្លងដែន ក្នុងនេះដូចជាបទល្មើសឆបោកតាមអនឡាញ បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្សឆ្លងដែន ការកាប់បំផ្លាញព្រៃឈើ ការជួញដូរសត្វព្រៃ និងសកម្មភាពឆ្លងដែនខុសច្បាប់ដទៃទៀត។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ង្វៀន វ៉ាន់ក្វាង ប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម ផាវី ស៊ីបួលីផា ប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងគណៈប្រតិភូនៃប្រទេសទាំងពីរ បានអញ្ជើញមកដល់របស់អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រកបដោយសុវត្ថិភាពខ្ពស់ ដើម្បីត្រៀមចូលរួមក្នុង «សន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម-ឡាវ» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៥ ខែសីហា ឆ្នាំ២០២៦។

ក្នុងសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាត-ឡាវ លើកទី៨ នេះដែរ នឹងមានកិច្ចប្រជុំចំនួន ៥វគ្គ ដោយវគ្គទី១ ស្តីអំពីលទ្ធផលនៃការអនុវត្តសេចក្តីថ្លែងការណ៍រួមនៃសន្និសីទលើកទី៧ ឆ្នាំ២០២៤ វគ្គទី២ ស្តីអំពីការចែករំលែកបទពិសោធន៍នៃការបង្ក្រាប និងការបង្ការការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការជំនុំជម្រះលើសំណុំរឿងក្តី វគ្គទី៣ ស្តីអំពីការចែករំលែកបទពិសោធន៍នៃការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធិភាពនៃការដោះស្រាយវិវាទរដ្ឋប្បវេណី និងពាណិជ្ជកម្មឆ្លងដែន វគ្គទី៤ ស្តីអំពីការចែករំលែកបទពិសោធន៍នៃការជំនុំជម្រះសំណុំរឿងគ្រឿងញៀន និងវគ្គទី៥ ការចុះហត្ថលេខាលើសេចក្តីប្រកាសរួមលើកទី៨៕
ដោយ៖ មករា





