AKP កំពង់ធំ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦--
តាមសេចក្ដីរាយការណ៍ពីមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦បានឱ្យដឹងថា ស្ថានភាពជំនន់ទឹកស្ទឹងសែន ស្ទឹងស្ទោងនិងទឹកភ្លៀងធ្វើឱ្យផ្ទៃដីបង្ករបង្កើនផលស្រូវរងផលប៉ះពាល់ចំនួន១៣៦៣ហិកតាលើ២ ស្រុក២ឃុំ១០ភូមិ ស្មើនឹង១២២៨គ្រួសារក្នុងនោះខូចខាតចំនួន៥៣១ហិកតា ស្រុកសន្ទុក ឃុំកកោះ៩ភូមិ ស្មើនឹង៥៤០គ្រួសារនិងកិច្ចអន្តរគមន៍បើកមុខទឹកចំនួន២៣៩ហិកតា។

ស្រុកសន្ទុកឃុំកកោះចំនួន៩ភូមិស្មើនឹង១២១៣គ្រួសារផ្ទៃដីផលប៉ះពាល់ដំណាំស្រូវចំនួន១៣២៨ហិកតា ក្នុងនោះ ខូចខាតចំនួន៥៣១ហិកតាស្មើនឹង៥៤០គ្រួសារនិងកិច្ចអន្តរគមបើកមុខទឹកចំនួន ២៣៩ ហិកតា បន្តការតាមដានចំនួន៥៥៨ហិកតា។
ស្រុកស្ទោង ឃុំចំណាក្រោម ចំនួន ១ ភូមិ ស្មើនឹង១៥ គ្រួសារ ផ្ទៃដីផលប៉ះពាល់ស្រូវស្រាលចំនួន៣៥ហិកតាស្រូវវគ្គលូតលាស់បន្តការតាមដាន។
ប្រភពបានបន្តថា ក្នុងករណីទឹកស្ទឹង និងទឹកភ្លៀង នៅបន្តកើនឡើង ស្ថានភាពផលប៉ះពាល់ ប្រឈម និង ខូចខាតអាចនឹងកើនឡើងបន្ថែមទៀត។

បើគិតត្រឹមថ្ងៃ១៤ ខែសីហា ឆ្នាំ ២០២៦ប្រជាកសិករខេត្តកំពង់ធំធ្វើការបង្កបង្កើនផលស្រូវរដូវវស្សាបានចំនួន២១០៨៧០ហិកតាស្មើនឹង ៩៨,៨៦ ភាគរយនៃផែនការ ២១៣៣០០ហិកតាធៀបទៅនឹងឆ្នាំមុនរយៈពេលដូចគ្នា ទាបជាង១៥៦២៨ហិកតាព្រមទាំងបានដំណាំរួមផ្សំផ្សេងៗបានចំនួន៥១៤៥៩ហិកតា។
ជាមួយគ្នានេះដែរប្រជាកសិករខេត្តកំពង់ធំបានធ្វើការប្រមូលផលស្រូវស្រាលបង្កើនរដូវចំនួន១៧៥០៣ហិកតាដោយទទួលបានទិន្នផលមធ្យម ៤,៦២៩តោនក្នុង១ហិកតា។តម្លៃស្រូវOM៥៤៥១ ចន្លោះពី ៩២០ ទៅ៩៦០រៀលក្នុង១គីឡូក្រាម។តម្លៃស្រូវOM៤៩ចន្លោះពី៩៧០ទៅ១០០០ រៀលក្នុង១គីឡូក្រាម។តម្លៃស្រូវ IR85 ចន្លោះពី៩២០ទៅ៩៥០រៀលក្នុង១គីឡូក្រាម និងតម្លៃស្រូវសែនក្រអូប ចន្លោះពី១១២៥ទៅ១១៣០រៀលក្នុង១គីឡូក្រាម៕
ដោយ ស៊ុម វណ្ណា





