AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ -- រដ្ឋបាលថាមពលជាតិ (NEA) បាននិយាយកាលពីថ្ងៃចន្ទថា ការផ្គត់ផ្គង់ប្រេង និងឧស្ម័នក្នុងស្រុករបស់ប្រទេសចិនត្រូវបានគេរំពឹងថានឹងឈានដល់ ៤៤០លានតោននៃសមមូលប្រេងនៅឆ្នាំ២០៣០ ក្រោមផែនការ ៥ឆ្នាំថ្មីសម្រាប់វិស័យនេះ។
ផែនការដែលចេញផ្សាយរួមគ្នាដោយរដ្ឋបាល NEA និងគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ ក៏បានកំណត់គោលដៅដើម្បីបន្ថែមបំពង់បង្ហូរប្រេង និងឧស្ម័នចម្ងាយឆ្ងាយចំនួន ២០.០០០គីឡូម៉ែត្រនៅឆ្នាំ២០៣០។ នេះនឹងនាំឱ្យបណ្តាញបំពង់បង្ហូរសរុបរបស់ប្រទេសនេះមានប្រវែង ២២០.០០០គីឡូម៉ែត្រ។
រដ្ឋបាលបានកត់សម្គាល់ថា «ប្រេង និងឧស្ម័នគឺជាប្រភពថាមពល និងវត្ថុធាតុដើមឧស្សាហកម្មសំខាន់ៗ ដោយការផ្គត់ផ្គង់របស់ពួកវាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងសន្តិសុខថាមពលរបស់ប្រទេសចិន និងជីវភាពរស់នៅរបស់ប្រជាជន»។
ក្រោមផែនការថ្មីនេះ ប្រទេសចិនមានគោលបំណងបង្កើនទុនបម្រុងឧស្ម័នធម្មជាតិរបស់ខ្លួនឱ្យស្មើនឹងជាង ១៣% នៃការប្រើប្រាស់ជាតិ និងនាំយកការចាក់បញ្ចូលកាបូនឌីអុកស៊ីតប្រចាំឆ្នាំពីការចាប់យក និងផ្ទុកកាបូន ក៏ដូចជាគម្រោងចាប់យក ប្រើប្រាស់ និងផ្ទុកកាបូន (CCS/CCUS) ដល់ ១០លានតោននៅឆ្នាំ២០៣០។
ខ្លួនកំណត់គោលដៅនៃការកសាងឧស្សាហកម្មប្រេង និងឧស្ម័នទំនើបមួយដែលមានសមត្ថភាពផ្គត់ផ្គង់ក្នុងស្រុកកាន់តែរឹងមាំ បណ្តាញបំពង់បង្ហូរប្រេងកាន់តែមានប្រសិទ្ធភាព ទុនបម្រុងគ្រប់គ្រាន់ និងអាចបត់បែនបាន ផលិតកម្មបៃតងជាងមុន ប្រតិបត្តិការដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាពជាងមុន ការកែច្នៃ និងការប្រើប្រាស់ដែលមានតម្លៃខ្ពស់ របកគំហើញក្នុងបច្ចេកវិទ្យាក្នុងស្រុក និងកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែចម្រុះ។
ភារកិច្ចសំខាន់ៗរួមមាន ការបង្កើនការរុករក និងផលិតប្រេង និងឧស្ម័ន ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងទុនបម្រុងប្រេង និងឧស្ម័ន ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការពន្លឿនការផ្លាស់ប្តូរបៃតង និងការអភិវឌ្ឍកម្លាំងផលិតភាពដែលមានគុណភាពថ្មី ការជំរុញការច្នៃប្រឌិតបច្ចេកវិទ្យា និងការពង្រឹងកំណែទម្រង់នៅក្នុងវិស័យប្រេង និងឧស្ម័ន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





