AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានជួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក អាយមេន សាហ្វាឌី (Ayman Safadi) នៅទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ។
លោក វ៉ាង បានប្រាប់លោក សាហ្វាឌី ដែលកំពុងអមដំណើរព្រះមហាក្សត្រនៃព្រះរាជាណាចក្រហ្ស៊កដានី ព្រះអង្គម្ចាស់ អាប់ឌុលឡាហ៍ទី២ អ៊ីបាន អាល់ ហូសស៊ីន (Abdullah II ibn Al Hussein) ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនថា ដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រនឹងទទួលបានជោគជ័យទាំងស្រុង។
លោក វ៉ាង ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន បាននិយាយថា ប្រទេសចិនកោតសរសើរចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសហ្ស៊កដានីចំពោះគោលនយោបាយមិត្តភាពចំពោះប្រទេសចិន និងការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ហើយនឹងបន្តគាំទ្រហ្ស៊កដានីក្នុងការការពារឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។
លោកបាននិយាយថា ប្រទេសហ្ស៊កដានីគឺជាប្រទេសសំខាន់មួយនៅតំបន់មជ្ឈិមបូព៌ា ហើយប្រទេសចិននឹងបន្តគាំទ្រហ្ស៊កដានីក្នុងការដើរតួនាទីវិជ្ជមានលើបញ្ហាប៉ាឡេស្ទីន និងបញ្ហាតំបន់ផ្សេងៗទៀត។
លោក សាហ្វាឌី បានសម្តែងការដឹងគុណចំពោះប្រទេសចិនចំពោះបដិសណ្ឋារកិច្ចដែលបានផ្តល់ជូនក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រ ដោយនិយាយថា ហ្ស៊កដានីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន និងមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងវិស័យផ្សេងៗ។
លោក សាហ្វាឌី បាននិយាយថា ប្រទេសហ្ស៊កដានីពេញចិត្តចំពោះតួនាទីវិជ្ជមាន និងមានទំនួលខុសត្រូវរបស់ប្រទេសចិនលើបញ្ហាតំបន់មជ្ឈិមបូព៌ា ជាពិសេសការគាំទ្រយ៉ាងមុតមាំរបស់ខ្លួនចំពោះដំណោះស្រាយរដ្ឋពីរចំពោះបញ្ហាប៉ាឡេស្ទីន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





