AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៦–ក្នុងអំឡុង កិច្ចប្រជុំកំពូលផ្លូវហោះហើរសត្វស្លាប(Global Flyway Summit) នាទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា នាយកប្រតិបត្តិអង្គការជីវិតធម្មជាតិកម្ពុជា NatureLife ត្រូវបានអញ្ជើញឱ្យចែករំលែកអំពីសមិទ្ធផល និងបញ្ហាប្រឈមនៃគម្រោងស្រូវមិត្តក្រៀល នៅក្នុងកិច្ចពិភាក្សាអម រួមជាមួយដៃគូរបស់ BirdLife មកពីប្រទេស ម៉ិកស៊ិក ម៉ាឡាវី និងកាណាដា។ នេះបើតាមការឱ្យដឹងពី អង្គការ NatureLife នៅថ្ងៃទី១៤ ខែកញ្ញ ឆ្នាំ២០២៦។

ផ្លូវហោះហើរសត្វស្លាបទេសន្តរប្រវេសន៍ភ្ជាប់ប្រព័ន្ធអេកូឡូស៊ី ប្រទេស និងសហគមន៍នានា។ ការអភិរក្សតំបន់ទេសភាពដែលប្រើប្រាសរួមគ្នា តម្រូវឱ្យមានការសម្របសម្រួលរវាងអាទិភាពផ្នែកបរិស្ថាន ជីវភាពរបស់ប្រជាសហគមន៍ ការប្រើប្រាស់ដីធ្លី និងការអភិវឌ្ឍសេដ្ឋកិច្ច។ នៅកម្ពុជា អង្គការជីវិតធម្មជាតិកម្ពុជា (NatureLife Cambodia) កំពុងធ្វើការជាមួយសហគមន៍មូលដ្ឋាននៅ តំបន់បណ្តាញហោះហើរសត្វស្លាបទេសន្តរប្រវេសន៍អន្លង់ព្រីង ដើម្បីអនុវត្តគម្រោងស្រូវមិត្តក្រៀល (Crane Rice Initiative) ដែលមានគោលបំណងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋាន និង សត្វក្រៀល ដែលជាប្រភេទសត្វកំពុងរងការគំរាមកំហែង។

អ្នកចូលរួមក្នុងកិច្ចពិភាក្សាអមនេះ បានស្វែងយល់អំពីវឌ្ឍនភាពនៃគំនិតផ្តួចផ្តើមនេះ និងបានលើកឡើងនូវសំណួរសំខាន់ៗពាក់ព័ន្ធនឹងអត្ថប្រយោជន៍ វិធានការការពារ និងនិរន្តរភាពរយៈពេលវែងរបស់គម្រោងស្រូវមិត្តក្រៀលនេះ។ កិច្ចពិភាក្សាទាំងនេះបានបង្ហាញពីសារៈសំខាន់នៃការចូលរួមរបស់សហគមន៍ ការគ្រប់គ្រងដីធ្លីប្រកបដោយការទទួលខុសត្រូវ និងវិធីសាស្ត្រអភិរក្សប្រកបដោយចីរភាព ដែលគាំទ្រទាំងមនុស្ស និងធម្មជាតិ ៕

ដោយ៖ ណយ នឿន (ប្រភព៖NatureLife)
