AKP ឆុងឈីង ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦--កម្ពុជាមើលឃើញសក្តានុពល ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគជាមួយទីក្រុងឆុងឈីង នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈការប្រើប្រាស់យន្តការកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ» និងការពង្រីកការតភ្ជាប់ពាណិជ្ជកម្មទៅកាន់ទីផ្សារតំបន់ខាងក្នុងប្រទេសចិន។

នាឱកាសបើកជាផ្លូវការនូវយុទ្ធនាការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយជាមួយនឹងអ្នកសារព័ត៌មានក្នុងស្រុក និងអន្តរជាតិ ដើម្បីបង្ហាញពីសក្តានុពល និងភាពទាក់ទាញរបស់ទីក្រុងឆុងឈីង ក្នុងការក្លាយជាគោលដៅទេសចរណ៍ វប្បធម៌ ម្ហូបអាហារ និងសេវាកម្មអន្តរជាតិរបស់ទីក្រុងសម្រាប់ភ្ញៀវអន្តរជាតិ កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦ លោក វណ្ណ វិទ្យា អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីង បានលើកឡើងថា កម្ពុជាអាចពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយទីក្រុងឆុងឈីង តាមរយៈការផ្សព្វផ្សាយព័ត៌មានអំពីទីផ្សារ និងឱកាសវិនិយោគរបស់ឆុងឈីងទៅកាន់សភាពាណិជ្ជកម្ម និងសមាគមអាជីវកម្មនៅកម្ពុជា។
លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ថា ការរៀបចំគណៈប្រតិភូអាជីវកម្ម និងបេសកកម្មពាណិជ្ជកម្មទៅវិញទៅមក ក៏ដូចជាការសម្របសម្រួលបង្កើតទំនាក់ទំនងដោយផ្ទាល់រវាងក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនចិននៅទីក្រុងឆុងឈីង តាមរយៈព្រឹត្តិការណ៍ពាណិជ្ជកម្ម និងពិព័រណ៍នានា នឹងអាចជួយបង្កើនឱកាសសម្រាប់ការផ្គូផ្គងអាជីវកម្ម និងការវិនិយោគ។
លោក វណ្ណ វិទ្យា បានគូសបញ្ជាក់ថា កម្ពុជាក៏អាចពង្រឹងការប្រើប្រាស់បណ្តាញដឹកជញ្ជូនថ្មីៗ ជាពិសេសច្រករបៀងពាណិជ្ជកម្មផ្លូវគោក-សមុទ្រអន្តរជាតិថ្មីភាគខាងលិច ដែលតភ្ជាប់ប្រទេសចិនជាមួយអាស៊ាន និងឆ្លងកាត់ទីក្រុងឆុងឈីង។ លោកបានបន្តថា ការតភ្ជាប់នេះអាចជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ កាត់បន្ថយថ្លៃដឹកជញ្ជូន និងពង្រីកលទ្ធភាពរបស់ផលិតផលកម្ពុជាក្នុងការចូលទៅកាន់ទីផ្សារតំបន់ខាងក្នុងប្រទេសចិន។

លោកបានបន្ថែមទៀតថា ជាមួយគ្នានេះ កម្ពុជាក៏មានឱកាសជំរុញវិនិយោគិនចិននៅទីក្រុងឆុងឈីងឱ្យពិចារណាមកវិនិយោគនៅកម្ពុជា ដោយប្រើប្រាស់យន្តការកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ» ជាមូលដ្ឋានគាំទ្រផ្នែកគោលនយោបាយ និងកិច្ចសហប្រតិបត្តិការ។
ទន្ទឹមនឹងនេះ កម្ពុជាអាចស្វែងរកឱកាសបន្ថែមសម្រាប់ការនាំចេញផលិតផលកសិកម្ម និងទំនិញរបស់ខ្លួនទៅកាន់ទីផ្សារឆុងឈីង និងតំបន់ភាគនិរតីនៃប្រទេសចិន ដែលមានប្រជាជនច្រើន និងមានតម្រូវការទំនិញកសិកម្មនាំចូល។ ក្នុងបរិបទនេះ ការប្រើប្រាស់ទីក្រុងឆុងឈីងជាច្រកទ្វារតភ្ជាប់ទៅកាន់ទីផ្សារតំបន់ខាងក្នុងប្រទេសចិន អាចបង្កើតលទ្ធភាពថ្មីសម្រាប់ការពង្រីកទីផ្សាររបស់ផលិតផលកម្ពុជា។
លោកបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍទីក្រុងឆុងឈីងឱ្យក្លាយជាមជ្ឈមណ្ឌលប្រើប្រាស់អន្តរជាតិ ក៏អាចបង្កើតឱកាសថ្មីសម្រាប់ផលិតផល និងសេវាកម្មរបស់កម្ពុជា តាមរយៈការពង្រីកទីផ្សារនាំចូល សេវាទេសចរណ៍ ភោជនីយដ្ឋានអន្តរជាតិ វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន និងព្រឹត្តិការណ៍តាំងបង្ហាញផលិតផលក្នុងតំបន់។

តាមរយៈយន្តការទាំងនេះ កម្ពុជាអាចពង្រឹងការផ្សព្វផ្សាយផលិតផល និងម៉ាកយីហោរបស់ខ្លួននៅក្នុងទីផ្សារចិន ព្រមទាំងស្វែងរកឱកាសថ្មីៗសម្រាប់ការនាំចេញ ការវិនិយោគ និងការតភ្ជាប់អាជីវកម្មរវាងសហគ្រាសនៃប្រទេសទាំងពីរ។
ដោយ សឹម មង្គល





