AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ -- ប្រទេសចិនបានបាញ់បង្ហោះក្រុមផ្កាយរណបមួយកាលពីថ្ងៃសៅរ៍ ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបTaiyuan ក្នុងខេត្តសានស៊ី ភាគខាងជើង។
ក្រុមផ្កាយរណបនេះមានឈ្មោះថា PIESAT-2 13-16 ត្រូវបានបាញ់បង្ហោះនៅម៉ោង ៦:៥០នាទីល្ងាច (ម៉ោងនៅទីក្រុងប៉េកាំង) ដោយប្រើរ៉ុក្កែតដឹកជញ្ជូនប្រភេទ Long March-2D ហើយបានចូលទៅក្នុងគន្លងគោចរដែលបានកំណត់ទុកជាមុនដោយជោគជ័យ។
យោងតាមមជ្ឈមណ្ឌលបាញ់បង្ហោះ ការបាញ់បង្ហោះនេះគឺជាបេសកកម្មហោះហើរលើកទី ៦៦៨ នៃត្រកូលរ៉ុក្កែតដឹកជញ្ជូន Long March។
រ៉ុក្កែតនេះគឺជាយានបាញ់បង្ហោះប្រើឥន្ធនៈរាវដែលមានពីរដំណាក់កាល។ វាមានសមត្ថភាពដឹកជញ្ជូនទម្ងន់រហូតដល់ ១,៣តោនទៅកាន់គន្លងគោចរដែលស្របនឹងចលនារបស់ព្រះអាទិត្យ (sun-synchronous orbit) នៅរយៈកម្ពស់ ៧០០គីឡូម៉ែត្រ។
នៅលើរ៉ុក្កែតនោះមានផ្ទុកផ្កាយរណបប្រភេទ Synthetic Aperture Radar (SAR) ចំនួន ៤ គ្រឿង ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនឯកជនGalaxySpace ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង។
លោក ឌូអាន សៅ (Duan Xiao) ដែលជាប្រធានអ្នករចនាផ្កាយរណប SAR ទាំងនេះ បានមានប្រសាសន៍ថា ផ្កាយរណបទាំងនោះត្រូវបានបំពាក់ដោយឧបករណ៍បច្ចេកវិទ្យាឆ្លាតវៃ និងមានកម្រិតភាពច្បាស់ខ្ពស់ដែលអនុញ្ញាតឱ្យមានការដំណើរការទិន្នន័យពីការស្ទង់មតិពីចម្ងាយ (remote sensing) បានភ្លាមៗនៅពេលកំពុងស្ថិតក្នុងគន្លងគោចរ។ ការរចនាបែបនេះនឹងជួយជំរុញដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអវកាសដ៏ឆ្លាតវៃនាពេលអនាគត៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





