AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ -- អាជ្ញាធរអ៊ុយក្រែនបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៨នាក់បានស្លាប់ និង ២២នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់រុស្ស៊ីនៅទូទាំងប្រទេសអ៊ុយក្រែនកាលពីយប់ថ្ងៃព្រហស្បតិ៍។
យោងតាមការរាយការណ៍របស់ស្ថានីយ៍ផ្សព្វផ្សាយសាធារណៈជាតិអ៊ុយក្រែន Suspilne ដោយដកស្រង់សម្តីរបស់លោក អូឡេហ៍ ស៊ីនេហ្គូបូវ (Oleh Synegubov) ដែលជាអភិបាលតំបន់ បានឱ្យដឹងថា នៅក្នុងតំបន់Kharkiv ភាគខាងកើត មនុស្សចំនួន ៦នាក់បានស្លាប់ និង ១២នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលមីស៊ីលប្រភេទ cruise បានវាយប្រហារទៅលើសហគ្រាសកសិកម្មមួយកន្លែង។
យោងតាមការបញ្ជាក់របស់សេវាសង្គ្រោះបន្ទាន់រដ្ឋអ៊ុយក្រែន បានឱ្យដឹងថា នៅក្នុងទីក្រុងគៀវ ការវាយប្រហារដោយមីស៊ីលផ្លោងបានសម្លាប់មនុស្ស ២នាក់ និងធ្វើឱ្យមនុស្ស ៨នាក់ផ្សេងទៀតរងរបួស ព្រមទាំងបង្កឱ្យមានការខូចខាត និងមានអគ្គិភ័យនៅក្នុងស្រុកចំនួន ៣។
មនុស្ស ២នាក់ក៏បានរងរបួសផងដែរនៅក្នុងតំបន់ Odesa ភាគខាងត្បូងជាកន្លែងដែលមានផ្សារទំនើបមួយ ផ្ទះឯកជន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតបានរងការខូចខាត។
កងទ័ពអាកាសអ៊ុយក្រែនបានឱ្យដឹងថា ការវាយប្រហាររបស់រុស្ស៊ីកាលពីយប់មិញនោះ បានប្រើប្រាស់ទាំងមីស៊ីល និងយន្តហោះគ្មានមនុស្សបើក (drones) ដោយទីក្រុងគៀវ និងតំបន់ Odesa គឺជាគោលដៅសំខាន់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





