AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦-- លេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.) សហការជាមួយសាលាដេលីផ្លាស បានបើកវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ត្រអភិវឌ្ឍន៍ជំនាញសរសេរផែនការយុទ្ធសាស្ត្ររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងគោលបំណងបង្កើនសមត្ថភាព និងចំណេះដឹងដល់ថ្នាក់ដឹកនាំ និងសមាជិកចំណុះលេខាធិការដ្ឋាន (គ.ប.ផ.ក.) ឱ្យកាន់តែយល់ច្បាស់ក្នុងការតាក់តែងផែនការយុទ្ធសាស្ត្រដែលមានលក្ខណៈស្តង់ដា ប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់ សម្រេចបានទៅតាមគោលបំណងរបស់អង្គភាព ឬស្ថាប័នរបស់ខ្លួន ស្របទៅតាមទិសដៅ និងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងបើកវគ្គបណ្តុះបណ្តាល នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានគូសបញ្ជាក់ថា ក្រោមការណែនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ និងយកចិត្តទុកដាក់ជាប់ជាប្រចាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យមានការអភិវឌ្ឍសមត្ថភាពមន្រ្តី តាមរយៈគន្លឹះ៣សំខាន់ៗ រួមមាន ១. ការស្វ័យសិក្សា ២. ការបណ្ដុះបណ្ដាលផ្ទៃក្នុង និង៣. ការរៀបចំ និងការចាត់បញ្ជូនទៅទទួលការបណ្ដុះបណ្ដាលជំនាញរយៈពេលខ្លី និងរយៈពេលវែង ដែលមានក្នុងក្របខណ្ឌក្រសួងមហាផ្ទៃជាដើម។

ឯកឧត្តមបន្តថា វគ្គបណ្តុះបណ្តាលបានធ្វើឡើងជាបន្តបន្ទាប់ ក្រោមប្រធានបទគន្លឹះសំខាន់ផ្សេងៗគ្នា រួមមានការសិក្សាពីច្បាប់នានាជាដើមនាពេលកន្លងមក ក្នុងគោលបំណងបង្កើនសមត្ថភាពមន្រ្តីជាជំហានៗ ដើម្បីឆ្លើយតបទៅនឹងបេសកកម្មរបស់គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.)៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





