AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ -- ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយក្រុមហ៊ូធី (Houthi) បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៧នាក់បានស្លាប់ និង ៤០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមផ្លូវអាកាស នៅខេត្តតៃ ភាគនិរតីនៃប្រទេសយេម៉ែន កាលពីថ្ងៃអាទិត្យ។
ស្ថានីយទូរទស្សន៍ Al-Masirah ដែលគ្រប់គ្រងដោយក្រុមហ៊ូធីបានឱ្យដឹងថា យន្តហោះចម្បាំងបានវាយប្រហារលើហាងនានានៅផ្សារកណ្តាលក្នុងស្រុកអាល់ តាអ៊ីហ្ស៊ីយ៉ាហ៍ ដែលស្ថិតនៅភាគខាងកើតនៃទីក្រុងតៃ ដោយបញ្ជាក់ថាជនរងគ្រោះគឺជាជនស៊ីវិល និងបានចោទប្រកាន់ប្រទេសអារ៉ាប៊ីសាអូឌីតថាជាអ្នកបង្កការវាយប្រហារនេះ។
ទន្ទឹមនឹងនេះ កងកម្លាំងរដ្ឋាភិបាលយេម៉ែនបានផ្តល់ព័ត៌មានខុសគ្នាដោយបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គមអ៊ិចថា «យន្តហោះចម្បាំងរបស់យើងបានបើកការវាយប្រហារ» ដោយកំណត់គោលដៅលើជំរុំយោធារបស់ក្រុមហ៊ូធី និងរថក្រោះនៅក្នុងតំបន់ដដែលនោះ។
ប្រភពយោធាមួយដែលគាំទ្ររដ្ឋាភិបាលយេម៉ែនបានប្រាប់ទីភ្នាក់ងារព័ត៌មាន Xinhua ថា ការវាយប្រហារទាំងនោះបានចំគោលដៅដែលគេជឿថាជាជំរុំយោធារបស់ក្រុមហ៊ូធីនៅក្នុងតំបន់នោះ ដែលបណ្តាលឱ្យមានផ្សែងហុយឡើងលើអាកាស និងបង្កឱ្យមានការផ្ទុះបន្តបន្ទាប់ទៀត។
ប្រភពដដែលនោះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖«ការវាយប្រហារបានចំជំរុំនោះនៅពេលដែលក្រុមអ្នកប្រយុទ្ធហ៊ូធី និងកងកម្លាំងជំនួយកំពុងប្រមូលផ្តុំគ្នានៅទីនោះ»ដោយប្រភពបានបន្ថែមថាអ្នកប្រយុទ្ធរាប់សិបនាក់ត្រូវបានសម្លាប់ ឬរងរបួស។
ការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលយេម៉ែន និងក្រុមហ៊ូធី បានកើនឡើងខ្លាំងនៅទូទាំងតំបន់ភាគនិរតីនៃប្រទេសយេម៉ែននាពេលថ្មីៗនេះបន្ទាប់ពីក្រុមនេះបានកាន់កាប់ទីក្រុងកំពង់ផែយុទ្ធសាស្ត្រម៉ូចា និងកោះម៉េយយ៉ុន នៅក្នុងច្រកសមុទ្របាប អាល់ ម៉ាន់ដាប់ កាលពីដើមខែនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





