AKP សៀមរាប ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦-- ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំពិព័រណ៍ការសិក្សា EducationUSA Fair ប្រចាំឆ្នាំ២០២៦ នៅខេត្តសៀមរាប ដោយផ្តល់ ឱកាសឱ្យនិស្សិតកម្ពុជា និងក្រុមគ្រួសារ ជួបផ្ទាល់ជាមួយតំណាង និងអតីតនិស្សិតមកពីគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅអាមេរិក។ អ្នកចូលរួម នឹងយល់ដឹងបន្ថែមអំពីកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុងវិស័យដែលមានតម្រូវការខ្ពស់ ដូចជាវិស័យអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា STEM និងបញ្ញាសិប្បនិម្មិត(AI)ការយល់ដឹងស៊ីជម្រៅ អំពីការបណ្តុះ បណ្តាលស្តង់ដារអាមេរិកសម្រាប់អាជីពការងារនៅកម្ពុជា ព្រមទាំងទទួលបានសេចក្តីណែនាំជាផ្លូវការពីគោលនយោបាយ ទិដ្ឋាការសិស្ស និងតម្រូវការនានាដើម្បីចុះឈ្មោះចូលរៀន។

លោកស្រី Katherine Diop ប្រធានផ្នែកកិច្ចការសាធារណៈនៃស្ថានទូតអាមេរិក ប្រចាំកម្ពុជាបានមានប្រសាសន៍ថា សហរដ្ឋអាមេរិកបានក្លាយជាគោលដៅ ដ៏ពេញនិយមសម្រាប់និស្សិតកម្ពុជាជាយូរមកហើយ បើទោះបីជាឱកាសសិក្សាថ្នាក់ឧត្តមសិក្សាកំពុងពង្រីកទៅកាន់តំបន់នានាជុំវិញពិភពលោកក៏ដោយ។នៅឆ្នាំនេះសហរដ្ឋអាមេរិកប្រារព្ធខួបលើកទី២៥០នៃឯករាជ្យរបស់ខ្លួន។ ក្នុងរយៈពេល ២៥០ឆ្នាំកន្លងមកនេះ ការច្នៃប្រឌិតរបស់អាមេរិកបានផ្លាស់ប្តូរពិភពលោក។ សមិទ្ធផលទាំងនេះមិនត្រឹមតែបានផ្លាស់ប្តូរសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្លាស់ប្តូររបៀបដែលមនុស្សគ្រប់ទីកន្លែងរស់នៅ ធ្វើការ និងទំនាក់ទំនងគ្នាផងដែរ។


លោកស្រីបានបន្តថា ការអប់រំថ្នាក់ឧត្តមសិក្សារបស់អាមេរិក ក៏មានស្មារតីនៃការច្នៃប្រឌិតដូចគ្នានេះដែរ។ ស្ថាប័នអប់រំនៅសហរដ្ឋអាមេរិកបើកទ្វារទៅរកឱកាសការងារកាន់តែច្រើន និងលទ្ធភាពទទួលបានការងារកាន់តែប្រសើរ នៅពេលនិស្សិតត្រឡប់មកកម្ពុជាវិញ ជាពិសេសក្នុងវិស័យដូចជា STEM។ខណៈពេលដែលកម្ពុជាបន្តផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចដែលផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងជំនាញ ការទទួលបានការអប់រំដែលមានគុណភាពខ្ពស់ និងទទួលស្គាល់ជាអន្តរជាតិ កាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ សហរដ្ឋអាមេរិកមានមហាវិទ្យាល័យ និងសាកលវិទ្យាល័យដែលទទួលស្គាល់ជាផ្លូវការជាង ៤,០០០ ស្ថាប័ន ដែលផ្តល់ជូនកម្មវិធីសិក្សា បរិយាកាសក្នុងបរិវេណសិក្សា និងឱកាសសម្រាប់ការអភិវឌ្ឍខ្លួនយ៉ាងសម្បូរបែប។

លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប បានមានប្រសាន៍ថា ពិព័រណ៍ការសិក្សានេះ ជាឱកាសដ៏សម្រាប់និស្សិតកម្ពុជា ក្នុងការសិក្សាឈ្វេងយល់ នៃឱកាសសិក្សាបែបទូលាយ ហើយពិភពលោកនៅគៀក និងការសិក្សារបស់យើង។ដូចនេះប្អូនៗនិស្សិតកម្ពុជា ត្រូវចាំយកឱកាសដ៏សំខាន់នេះឱ្យបាន។ ព្រោះថា ស្ថានទូតសហរដ្ឋអាមេរិកមានធនធានជាច្រើន ដើម្បីជួយដល់និស្សិតកម្ពុជាក្នុងការស្វែងរកឱកាសសិក្សាថ្នាក់ឧត្តមសិក្សានៅសហរដ្ឋអាមេរិក។


ក្រៅពីអាហារូបករណ៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដូចជាកម្មវិធី Fulbright ស្ថានទូតសហរដ្ឋអាមេរិកក៏មានបណ្ណាល័យអាមេរិក American Corner នៅ USEA សៀមរាប និងមជ្ឈមណ្ឌលប្រឹក្សាការសិក្សានៅអាមេរិក EducationUSA នៅ PUC ខេត្តសៀមរាបផងដែរ៕
ដោយ ឃុត សៅ





