AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦--គម្រោង PEARL របស់អង្គការ FAO ចាប់ផ្តើមវគ្គបណ្តុះបណ្តាលគ្រូបង្គោល ជុំទី ៣ នៅខេត្តកំពង់ធំ ដើម្បីជួយដល់មន្ត្រីផ្សព្វផ្សាយកសិកម្ម ពិសេស មន្ត្រីកសិកម្មឃុំ សមាជិកអង្គការកសិករ អាជ្ញាធរពាក់ព័ន្ធ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងការចែករំលែកព័ត៌មានអំពីសេវាកម្មឧតុនិយមកសិកម្មនៅកម្ពុជា ទៅកាន់កសិករខ្នាតតូច។

អង្គការ FAO បានឱ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញ ឆ្នាំ២០២៦ថា ការបណ្តុះបណ្តាលនេះមិនត្រឹមតែផ្តោតលើការរៀនសូត្រអំពីការព្យាករណ៍អាកាសធាតុ និងអាកាសធាតុរយៈពេលវែង ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យអ្នកចូលរួមអនុវត្តជាក់ស្តែងក្នុងការបកស្រាយអត្ថន័យនៃព័ត៌មានទាំងនោះសម្រាប់ការងារកសិកម្ម ដូចជាពេលវេលាសម្រាប់ដាំដុះ ការគ្រប់គ្រងទឹក និងដំណាំ ព្រមទាំងការត្រៀមខ្លួនសម្រាប់លក្ខខណ្ឌអាកាសធាតុដែលមានការប្រែប្រួល។ តាមរយៈសកម្មភាពដូចជា ការសម្តែងតួនាទី ការពិភាក្សាជាក្រុម និងការអនុវត្តជាក់ស្តែង អ្នកចូលរួមនឹងរៀនពីរបៀបទំនាក់ទំនងជាមួយកសិករដែលប្រហែលជាមានលទ្ធភាពកំណត់ក្នុងការទទួលបានព័ត៌មានជាលាយលក្ខណ៍អក្សរ ឬតាមប្រព័ន្ធឌីជីថល រួមទាំងស្ត្រីជាកសិករ និងសហគមន៍ជនជាតិដើមភាគតិចផងដែរ។ វគ្គបណ្តុះបណ្តាលពីរជុំដំបូងបានផ្តល់ការបណ្តុះបណ្តាលចំនួន ១៦ វគ្គដល់អ្នកចូលរួមប្រមាណ ១ ១០០ នាក់ នៅជុំទីបីនេះ ដែលនឹងប្រព្រឹត្តទៅចាប់ពីខែកញ្ញា ឆ្នាំ២០២៦ ដល់ខែមករា ឆ្នាំ២០២៧ មានគោលបំណងផ្តល់ការបណ្តុះបណ្តាលដល់មនុស្សជាង ៩០០ នាក់ ដែលរួមមានមន្ត្រីអាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងមេដឹកនាំសហគមន៍នៅក្នុងខេត្តចំនួនបួន។

ដោយទទួលបានការគាំទ្រពីមូលនិធិអាកាសធាតុបៃតង (Green Climate Fund) កម្មវិធីបណ្តុះបណ្តាលនេះ ដឹកនាំដោយអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមានការគាំទ្រផ្នែកបច្ចេកទេសពី ក្រសួងធនធានទឹក និងឧតុនិយម (MoWRAM) និងអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ៕

ដោយ ណយ នឿន (ប្រភព៖FAO)





