AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានគណៈកម្មការពិនិត្យលក្ខណសម្បត្តិបេក្ខជនដែលត្រូវស្នើសុំគ្រឿងឥស្សរិយយសរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃអង្គារទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលក្ខណសម្បត្តិបេក្ខជន ដែលត្រូវស្នើសុំគ្រឿងឥស្សរិយយស ប្រចាំឆ្នាំ២០២៦។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំមានឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីជំនាញផងដែរ។

លោក អ៊ុង វិច្ឆ័យ ប្រធាននាយកដ្ឋានធនធានមនុស្ស បានធ្វើសេចក្ដីរាយការណ៍ដោយសង្ខេបអំពីវឌ្ឍនភាពនៃការងារពិនិត្យ និងវាយតម្លៃលើលក្ខណសម្បត្តិរបស់បេក្ខជនត្រូវទទួលគ្រឿងឥស្សរិយយស ដែលអង្គភាពជំនាញបានរៀបចំសម្រាប់ឆ្នាំ២០២៦នេះ។
អង្គប្រជុំបានពិនិត្យ និងចូលរួមយោបល់បន្ថែមដល់អង្គភាពជំនាញ ដើម្បីឱ្យការវាយតម្លៃ និងសម្រេចផ្ដល់គ្រឿងឥស្សរិយយសជូនមន្ដ្រីរាជការមានប្រសិទ្ធភាព និងយុត្តិធម៌។
ឯកឧត្ដមរដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គភាពជំនាញដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងលើការងាររៀបចំគ្រឿងឥស្សរិយយសជូនមន្ដ្រីរាជការរបស់ក្រសួងប្រចាំឆ្នាំ២០២៦ ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលដែលមានស្នាដៃ និងបានចូលរួមចំណែកក្នុងវិស័យអភិវឌ្ឍន៍ជនបទនាពេលកន្លងមក។

ឯកឧត្ដមបញ្ជាក់ថា. ការរៀបចំ និងការផ្ដល់នូវគ្រឿងឥស្សរិយយសនេះ គឺជាការលើកទឹកចិត្តចំពោះវរជន និងមន្ដ្រីរាជការ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ច ដោយមានគុណបំណាច់ និងទំហំស្នាដៃ ស្របតាមវេននៃការទទួលក្នុងរយៈពេល ០២ឆ្នាំម្ដង។
ឯកឧត្ដមរដ្ឋមន្រ្ដី បានណែនាំដល់អង្គភាពក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទទាំងអស់ ឱ្យបន្ដអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយវិន័យ និងការទទួលខុសត្រូវ ដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ ពេជ្រ សំអឿន(ប្រភព.ក្រសួងអភិវឌ្ឍន៍ជនបទ)





