AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៦–ការប្រឡងចូលរៀនក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៦-២០២៧អង្គភាពប្រឆាំងអំពើពុករលួយនឹងចូលរួមទប់ស្កាត់ក្នុងការប្រើប្រាស់ឯកសារក្លែងក្លាយរបស់បេក្ខជនដើម្បីចូលរួមប្រឡង និងដូចគ្នានេះអង្គភាពប្រឆាំងអំពើពុករលួយក៏បានចូលរួមទប់ស្កាត់ការប្រើឯកសារក្លែងក្លាយរបស់បេក្ខជនប្រឡងចូលមេធាវី កន្លងមកនេះដូចគ្នា។

យោងតាមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីរសៀលថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៦បានឱ្យដឹងថាកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ គឺជាថ្ងៃដំបូនៃការបើកទទួលពាក្យរបស់បេក្ខជន
ប្រឡងក្នុងវិស័យសុខាភិបាល ហើយការប្រឡងនេះក៏នឹងមានការត្រួតពិនិត្យយ៉ាងតឹងរឹងចាប់ពីដំណាក់កាលដាក់ពាក្យទៅដើម្បីពិនិត្យរកមើល ការប្រើប្រាស់ឯកសារក្លែងក្លាយ និងការប្រឡងជំនួសបេក្ខជន។

ក្នុងសេចក្តីប្រកាសនេះដែរបានឱ្យដឹងថាអង្គភាពប្រឆាំងអំពើពុករលួយក៏បានសហការជាមួយគណៈមេធាវី ទប់ស្កាត់ការដាក់ឯកសារក្លែងក្លាយ របស់បេក្ខជនប្រឡងចូលធ្វើមេធាវីជំនាន់ទី២១ផងដែរ។ហើយ មកដល់ពេលនេះគេបានរកឃើញ ៦នាក់ ក្នុងនោះបេក្ខជន១នាក់ រឹងរូសមិនចូលមកឱ្យ អង្គភាពប្រឆាំងអំពើពុករលួយ ស្តាប់ចម្លើយ ហើយ ៥នាក់ទៀត បានសហការផ្តល់ចម្លើយដោយស្មោះត្រង់។

សូមបញ្ជាក់ដែរថាការលក់ និងទទួលពាក្យប្រឡងសុំចូលរៀនវិជ្ជាជីវៈមេធាវីជំនាន់ទី២១ ចាប់ពីថ្ងៃទីចាប់ពីថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២៦ និង ឈប់ទទួលពាក្យថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២៦។
ដោយឡែកក្នុងខែកញ្ញានេះដែរ អង្គភាពប្រឆាំងអំពើពុករលួយក៏បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែនេះ សរុបចំនួន ៤៤ ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿង ចំនួន ៤ ករណី នៃឃុំព្រែកខ្សាច់ ទៅសាលាដំបូងរាជធានីភ្នំពេញ។

គួរបញ្ជាក់ថាក្នុងខែកញ្ញា ឆ្នាំ ២០២៦នេះ អង្គភាពប្រឆាំងអំពើពុករលួយក៏បានបង្ហាញការងារមួយចំនួនទៀតក្នុងនេះដូចជាការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល - ការងារអប់រំ - ការងារបង្ការ ទប់ស្កាត់ ក្នុងដំណើរការប្រឡងចូលបម្រើការងារនៅក្រសួងយុត្តិធម៌ និងវិទ្យាស្ថានស្ថិតិនៃក្រសួងផែនការ ដឹកនាំដោយក្រសួងមុខងារសាធារណៈជាដើម៕
ដោយ៖មករា





