AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសិក្ខាសាលាស្តីពីការបង្កើតបណ្តាញ និងការផ្គូរផ្គងធុរកិច្ចដើម្បី “រួមគ្នាបង្កើត” សេដ្ឋកិច្ចលំហអាកាស កម្ពុជា-ជប៉ុន (Cambodia-Japan "Co-Creation" Networking Symposium and Business Matching) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងវិស័យឯកជនមកពីប្រទេសជប៉ុននិងកម្ពុជា ដៃគូសហការជាតិនិងអន្តរជាតិ ព្រមទាំងមន្រ្តី និងថ្នាក់ដឹកនាំក្រសួងស្ថាប័នប្រមាណ ១៥០នាក់ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។

ថ្លែងក្នុងសិក្ខាសាលានេះ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើងថា ក.ប.ទ. បាននិងកំពុងរៀបចំគោលនយោបាយជាតិស្ដីពីលំហអាកាស និងកម្មវិធីលំហអាកាសរយៈពេល ៥ឆ្នាំ ដើម្បីពង្រឹងវិស័យលំហអាកាស បង្កើតប្រព័ន្ធអេកូឡូស៉ីលំហអាកាសជាតិ និងជំរុញសេដ្ឋកិច្ចលំហអាកាសនៅកម្ពុជា ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ការពារបរិស្ថាន លើកកម្ពស់សេវាសាធារណៈ ពន្លឿនការធ្វើបរិវត្តកម្មឌីជីថល ពង្រឹងសមត្ថភាពធនធានមនុស្ស និងបើកឱកាសអាជីវកម្មថ្មីៗ។ បន្ថែមពីនេះ ក.ប.ទ. ក៏បានផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតទៅកាន់និស្សិតកម្ពុជាចំនួន ៤៨នាក់ ទៅសិក្សានៅក្រៅប្រទេសលើជំនាញលំហអាកាសផងដែរ ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីតភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុននិងដៃគូសហការរវាងប្រទេសជប៉ុន និងកម្ពុជា ជាពិសេសពាក់ព័ន្ធទៅនឹងវិស័យលំហអាកាស និងការស្រាវជ្រាវ សំដៅចូលរួមនៅក្នុងការជំរុញកំណើនបៃតង (Green Growth) ការពារបរិស្ថាន ធ្វើបរិវត្តកម្មឌីជីថល និងបង្កើតឱកាសថ្មីៗសម្រាប់អាជីវកម្មក្នុងវិស័យលំហអាកាសជាតិនិងអន្តរជាតិ ៕

ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងប្រៃសណីយ៍)





