AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ -- ប្រទេសហ្វីជីគ្រោងនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសស៊ែប៊ី លើវិស័យរដ្ឋបាលសាធារណៈការអភិវឌ្ឍវិជ្ជាជីវៈ និងការកសាងសមត្ថភាពស្ថាប័ន ក្រោមសេចក្តីព្រាងអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ។
នាយករដ្ឋមន្ត្រី លោក ស៊ីទីវេនី រ៉ាប៊ូកា (Sitiveni Rabuka) បានថ្លែងប្រាប់សភាកាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀងដែលបានស្នើឡើងរវាងវិទ្យាស្ថានហ្វីជីសម្រាប់ការសិក្សាផ្នែកសេវាសាធារណៈ (FLIPS) និងបណ្ឌិត្យសភាជាតិសម្រាប់រដ្ឋបាលសាធារណៈរបស់ប្រទេសស៊ែប៊ី នឹងផ្តល់នូវក្របខ័ណ្ឌមួយសម្រាប់ការចែករំលែកចំណេះដឹង ជំនាញ និងការអនុវត្តល្អៗនៅក្នុងវិស័យរដ្ឋបាលសាធារណៈ និងអភិបាលកិច្ច។
កិច្ចសហប្រតិបត្តិការនេះត្រូវបានរំពឹងថានឹងគ្របដណ្តប់លើការអភិវឌ្ឍវិជ្ជាជីវៈ និងភាពជាអ្នកដឹកនាំ ការកសាងសមត្ថភាពស្ថាប័ន ការផ្លាស់ប្តូរបុគ្គលិក និងដំណើរទស្សនកិច្ចសិក្សា ព្រមទាំងការរៀបចំសន្និសីទសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលរួមគ្នា។
លោក រ៉ាប៊ូកា បានមានប្រសាសន៍ថា ភាពជាដៃគូនេះនឹងផ្តល់ឱកាសកាន់តែច្រើនដល់មន្ត្រីរាជការហ្វីជីក្នុងការទទួលបានបទពិសោធន៍ និងជំនាញអន្តរជាតិលើវិស័យអភិបាលកិច្ច គោលនយោបាយសាធារណៈ និងរដ្ឋបាលសាធារណៈ។ លោកបានបន្ថែមថា វាក៏នឹងជួយពង្រឹងស្ថាប័នវិទ្យាស្ថានFLIPS ក្នុងនាមជាស្ថាប័នទទួលខុសត្រូវលើការអភិវឌ្ឍជំនាញ និងសមត្ថភាពដែលចាំបាច់សម្រាប់សេវាសាធារណៈដ៏ទំនើប និងត្រៀមខ្លួនរួចរាល់សម្រាប់អនាគត។
ប្រទេសហ្វីជី និងប្រទេសស៊ែប៊ី បានរក្សាទំនាក់ទំនងការទូតជាមួយគ្នាចាប់តាំងពីឆ្នាំ ១៩៧៦ មក។ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៥ ក្នុងការបង្កើនកម្រិតនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើវិស័យនានាដែលមានផលប្រយោជន៍ទៅវិញទៅមក៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





