AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ -- លោក គូ ជៀគុន អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា ការទំនាក់ទំនងរវាងមេដឹកនាំចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងជួយធានាបាននូវការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃទំនាក់ទំនងទ្វេភាគី។ លោកបានថ្លែងបែបនេះនៅពេលធ្វើអត្ថាធិប្បាយអំពីលទ្ធភាពនៃជំនួបផ្ទាល់រវាងមេដឹកនាំទាំងពីរ នៅក្រៅកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ចនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលនឹងត្រូវរៀបចំឡើងនៅទីក្រុងសិនជិនរបស់ប្រទេសចិន ក្នុងខែវិច្ឆិកាខាងមុខ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកការទូតចិនរូបនេះបានកត់សម្គាល់ថា «ការដឹកនាំជាយុទ្ធសាស្ត្រនៅកម្រិតប្រមុខរដ្ឋ គឺជាការធានានយោបាយដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-រុស្ស៊ី ប្រកបដោយស្ថិរភាព និងយូរអង្វែង»។ សេចក្តីថ្លែងការណ៍ដដែលនោះបានបន្តថា «ប្រទេសចិនស្វាគមន៍ចំពោះការចូលរួមរបស់លោកប្រធានាធិបតី ពូទីន ក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំ APEC ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងសិនជិន ក្នុងខែវិច្ឆិកាខាងមុខ ហើយប្រទេសចិនបានត្រៀមខ្លួនរួចរាល់ក្នុងការសហការជាមួយភាគីរុស្ស៊ី ដើម្បីធានាថា ឆ្នាំដែលចិនធ្វើជាម្ចាស់ផ្ទះ APEC នេះ ទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





