AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ -- កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានព្រមានស្ថាប័នហិរញ្ញវត្ថុបរទេសថា ប្រសិនបើពួកគេធ្វើធុរកិច្ចជាមួយប្រទេសអ៊ីរ៉ង់ ឬវិស័យធនាគាររបស់ប្រទេសអ៊ីរ៉ង់ ពួកគេអាចនឹងត្រូវរងការដាក់ទណ្ឌកម្មពីទីក្រុងវ៉ាស៊ីនតោន។
ក្រសួងរតនាគារសហរដ្ឋអាមេរិក បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ព្រមានមួយថា «ស្ថាប័នហិរញ្ញវត្ថុបរទេសដែលបន្តធ្វើប្រតិបត្តិការជាមួយស្ថាប័នហិរញ្ញវត្ថុអ៊ីរ៉ង់ ដែលកំពុងជាប់ទណ្ឌកម្ម អាចនឹងក្លាយជាគោលដៅនៃការដាក់ទណ្ឌកម្មនៅពេលណាមួយដោយគ្មានការជូនដំណឹងជាមុន ហើយពួកគេគួរតែចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់សកម្មភាព និងទំនាក់ទំនងទាំងនោះ»។
សហរដ្ឋអាមេរិកបានបើកប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់នៅចុងខែកុម្ភៈ ដោយបានសម្លាប់មេដឹកនាំរបស់ប្រទេសនេះ និងទាមទារឱ្យបញ្ឈប់រាល់សកម្មភាពដែលពាក់ព័ន្ធនឹងនុយក្លេអ៊ែរ។
សង្គ្រាមបានធ្វើឱ្យតំបន់មជ្ឈិមបូព៌ាធ្លាក់ចូលក្នុងអំពើហិង្សា ដោយសកម្មភាពសងសឹករបស់ទីក្រុងតេអេរ៉ង់បានកំណត់គោលដៅលើសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់ឈូងសមុទ្រ ហើយបានធ្វើឱ្យតម្លៃថាមពល និងជីកសិកម្មពិភពលោកហក់ឡើងខ្ពស់ បន្ទាប់ពីវាបានបិទផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយ។
ចាប់តាំងពីចុងខែសីហាមក ទីក្រុងវ៉ាស៊ីនតោនបានបង្កើនយុទ្ធនាការរបស់ខ្លួនដើម្បីដាក់សម្ពាធសេដ្ឋកិច្ចលើទីក្រុងតេអេរ៉ង់ ដោយព្រមានសម្ព័ន្ធមិត្តរបស់ខ្លួនថា ពួកគេនឹងរងការដាក់ទណ្ឌកម្មបន្ថែម ប្រសិនបើពួកគេនៅតែបន្តធ្វើប្រតិបត្តិការជាមួយរដ្ឋាភិបាលនៃប្រទេសនេះ។
ក្រសួងរតនាគារសហរដ្ឋអាមេរិកក៏បានប្រកាសពីវិធានការដាក់ទណ្ឌកម្មថ្មីៗជាច្រើនផងដែរ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនោះ ដោយផ្តោតលើវិស័យហិរញ្ញវត្ថុ រូបិយប័ណ្ណគ្រីបតូ ផ្លូវដែក ឧស្សាហកម្មរថយន្ត និងវិស័យផលិតកម្មរបស់អ៊ីរ៉ង់។
ក្រសួងនេះក៏បានចាត់វិធានការប្រឆាំងនឹងធនាគារចំនួនពីរផងដែរ គឺមួយនៅក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួម និងមួយទៀតនៅក្នុងប្រទេសតួកគី ដោយសារតែការចោទប្រកាន់ថា ធនាគារទាំងនោះបានផ្តល់ជំនួយដល់អាជ្ញាធរនៅទីក្រុងតេអេរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះ ក្រសួងរតនាគារអាម៉េរិកបានលើកឡើងថា រដ្ឋាភិបាលអ៊ីរ៉ង់បានដំណើរការបណ្តាញដែលគេហៅថា «ធនាគារស្រមោល» ដើម្បីគេចវេះពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយថា ស្ថាប័នហិរញ្ញវត្ថុបរទេសគួរតែព្យាយាមកំណត់ និងជៀសវាងរាល់សកម្មភាពបែបនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





