AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ -- សម្ព័ន្ធភាពដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតនៅក្នុងប្រទេសយេម៉ែន បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយ ដោយបានបំផ្លាញគោលដៅយោធារបស់ក្រុមហ៊ូធី (Houthi) ចំនួន ៨២កន្លែងនៅតាមខេត្តនានា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើជនស៊ីវិល និងទីតាំងស៊ីវិលនៅក្នុងព្រះរាជាណាចក្រនេះ។
លោក តួគី អាល់ ម៉ាលីគី (Turki Al Maliki) អ្នកនាំពាក្យសម្ព័ន្ធភាពនេះ បានថ្លែងនៅលើបណ្តាញសង្គមអ៊ិចថា ប្រតិបត្តិការនេះបានវាយប្រហារទៅលើទីតាំងនានានៅក្នុងខេត្តសាអាដា ខេត្តហូដីដាហ៍ ខេត្តអាល់ ចាហ្វ និងខេត្តម៉ារីប។
លោក អាល់ ម៉ាលីគី បានបន្ថែមថា គោលដៅទាំងនោះរួមមានប្រភពនៃការគំរាមកំហែងដែលពាក់ព័ន្ធនឹងមីស៊ីលផ្លោង ដែលក្នុងនោះមានទីតាំងស្តុកមីស៊ីលចំនួន ១១កន្លែងនៅលើតំបន់ភ្នំក្នុងខេត្តសាអាដា ព្រមទាំងមជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រង ប្រព័ន្ធទំនាក់ទំនង ឃ្លាំងស្តុកមីស៊ីល និងអាវុធ និងទីតាំងជួបជុំរបស់ក្រុមហ៊ូធីផងដែរ។
លោកបានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីមានការវាយប្រហារលើទីតាំងស៊ីវិលនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលការវាយប្រហារថ្មីៗបំផុតគឺសំដៅទៅលើអាកាសយានដ្ឋានអន្តរជាតិ King Khalid ក្នុងទីក្រុងរីយាដ និងអាកាសយានដ្ឋានអន្តរជាតិ Abha៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





