AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ -- ប្រភពមួយបានប្រាប់ទីភ្នាក់ងារព័ត៌មានតាសស៍ថា អ្នកចរចារបស់សហរដ្ឋអាមេរិក គឺលោក ស្ទីវ វីតកូហ្វ និងលោក ចារ៉េដ គូស្ន័រ មិនបានបោះបង់ចោលផែនការធ្វើដំណើរទៅកាន់ទីក្រុងមូស្គូឡើយ ប៉ុន្តែពួកគេនឹងទៅទីនោះលុះត្រាតែទទួលបានការយល់ដឹងច្បាស់លាស់អំពីជំហររបស់ទីក្រុងគៀវជាមុនសិន។
ប្រភពដដែលនោះបាននិយាយថា «បំណងចង់ទៅនៅតែមាន ប៉ុន្តែមានការលំបាកក្នុងការយល់ដឹងអំពីជំហររបស់ទីក្រុងគៀវ។ ពួកគេនឹងទៅប៉ុន្តែលុះត្រាតែមានភាពច្បាស់លាស់អំពីជំហរនោះសិន»។
នៅពេលដែលត្រូវបានសួរថា តើដំណើរទស្សនកិច្ចនេះអាចនឹងនៅតែប្រព្រឹត្តទៅក្នុងរយៈពេលពីរសប្តាហ៍ខាងមុខដែរឬទេ? ប្រភពនោះបាននិយាយថា «ជម្រើសទាំងអស់នៅតែអាចធ្វើទៅបាន»។
កិច្ចចរចាដែលមានការចូលរួមពីសហរដ្ឋអាមេរិក អ៊ុយក្រែន ក្រុមប្រទេស E3 (ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់) គណៈកម្មការអឺរ៉ុប និងអង្គការណាតូ បានប្រព្រឹត្តទៅនៅទីក្រុងម៉ៃអាមី កាលពីថ្ងៃទី០៩ ខែតុលា។នៅព្រឹកថ្ងៃទី១០ ខែតុលា មានសេចក្តីរាយការណ៍ថា កិច្ចចរចានោះបានបញ្ចប់មុនពេលកំណត់ ហើយនឹងមិនមានកិច្ចពិភាក្សានៅថ្ងៃទីពីរឡើយ។គេហទំព័រព័ត៌មាន Axios បានរាយការណ៍ដោយដកស្រង់សម្តីប្រភពនានាថា លោក វីតកូហ្វ និងលោក គូស្ន័រ បានប្រាប់មន្ត្រីអ៊ុយក្រែននៅក្នុងកិច្ចប្រជុំនោះថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងដាក់កម្រិតលើលទ្ធភាពរបស់ទីក្រុងគៀវក្នុងការទទួលបានព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិក ប្រសិនបើអ៊ុយក្រែនបដិសេធមិនធ្វើការសម្បទាន (ឬការយល់ព្រមសម្របសម្រួល) ណាមួយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





