AKP កណ្ដាល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦--
ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងពន្យល់ពីលទ្ធផលនៃដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍ប្រកបដោយជោគជ័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសចំនួនបី គឺអាស៊ែបៃហ្សង់ ទួរគីយេ និងកាហ្សាក់ស្ថាន។

ពាក់ព័ន្ធនឹងសំណួរជុំវិញដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី ទៅកាន់មជ្ឈមណ្ឌលឧស្សាហកម្មការពារជាតិ និងក្រុមហ៊ុនផលិតយុទ្ធបរិក្ខារផ្សេងៗ ក៏ដូចជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសទួរគីយេ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ដំណើរទស្សនកិច្ចមួយជុំនេះ គឺផ្តោតសំខាន់លើកិច្ចការនយោបាយ ការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូបានពន្យល់បន្ថែមថា អាស៊ែបៃហ្សង់ និងទួរគីយេ គឺជាប្រទេសដែលមានការអភិវឌ្ឍល្អប្រសើរផ្នែកឧស្សាហកម្មការពារជាតិ និងបច្ចេកវិទ្យាយោធា។ ក្នុងនាមជារដ្ឋអធិបតេយ្យ កម្ពុជាមានសិទ្ធិក្នុងការសិក្សា និង, ស្វែងយល់ពីបទពិសោធន៍របស់ប្រទេសមិត្ត និងប្រទេសដៃគូទាំងនោះ។
ទន្ទឹមនឹងនេះ ឯកឧត្តមបានអះអាងយ៉ាងដូច្នេះថា៖ «កិច្ចព្រមព្រៀងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការយោធា ដែលកម្ពុជាបានចុះហត្ថលេខាជាមួយទួរគីយេ គឺរៀបចំឡើងជាច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការ ដែលផ្តោតជាពិសេសលើការបណ្តុះបណ្តាល ការផ្លាស់ប្តូរបទពិសោធន៍ និងការកសាងសមត្ថភាព ហើយកិច្ចព្រមព្រៀងនេះ មិនមែនជាកិច្ចសន្យាទិញលក់អាវុធឡើយ»៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ ហុង ម៉េងឡុង





