AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ បានថ្លែងកាលពីថ្ងៃអង្គារថា កិច្ចប្រជុំកំពូលមួយដែលអាចនឹងកើតឡើងរវាងមេដឹកនាំនៃសហរដ្ឋអាមេរិក រុស្ស៊ីនិងចិន នឹងក្លាយជារឿងវិជ្ជមានយ៉ាងខ្លាំងសម្រាប់ពិភពលោក។
លោក រូប៊ីអូ បានប្រាប់អ្នកសារព័ត៌មាននៅក្នុងប្រទេសឥណ្ឌាថា «ខ្ញុំគិតថាមានឱកាសមួយ ហើយប្រធានាធិបតី (លោក ដូណាល់ ត្រាំ) បានបង្ហាញពីឆន្ទៈបើកចំហក្នុងការរៀបចំកិច្ចប្រជុំនេះសម្រាប់សហរដ្ឋអាមេរិករុស្ស៊ី និងចិន នៅកម្រិតមេដឹកនាំ ដើម្បីពិភាក្សាអំពីបញ្ហាផ្សេងៗ ដូចជាការគ្រប់គ្រងសព្វាវុធជាដើម»។
លោកបានលើកឡើងថា ការទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងបីដែលមានអាវុធនុយក្លេអ៊ែរនេះ មិនមែនជារឿង «មិនធម្មតា» នោះទេ។
លោក Rubio បានច្រានចោលទស្សនៈដែលថា ការចូលរួមផ្នែកការទូតគួរតែត្រូវបានចាត់ទុកថាជារង្វាន់ ដោយបញ្ជាក់ថា លោក Trump មិនចាត់ទុកការចរចាជាមួយប្រទេសដទៃថាជាការផ្តល់សម្បទាន(ការយល់ព្រមផ្តល់ផលប្រយោជន៍ឱ្យគេ) នោះទេ។
លោកបានពណ៌នាថា សមត្ថភាពក្នុងការទំនាក់ទំនងជាមួយភាគីម្ខាងទៀត គឺជា «ចំណុចស្នូលនៃការទូត និងកិច្ចចរចា»។
ទោះបីជាទទួលស្គាល់ថា ភាពខ្វែងគំនិតគ្នាដែលមានជាយូរមកហើយរវាងប្រទេសទាំងបីនេះនឹងមិនអាចបាត់ទៅវិញបានបន្ទាប់ពីកិច្ចប្រជុំកំពូលតែមួយលើកនោះក៏ដោយ ក៏លោក រូប៊ីអូ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាទំនាក់ទំនងឱ្យនៅតែបន្តមាន។
លោកបានមានប្រសាសន៍ថា «ខ្ញុំគិតថា ពិភពលោក គឺជាកន្លែងដែលមានសុវត្ថិភាពជាងមុន នៅពេលដែលមេដឹកនាំនៃឃ្លាំងអាវុធនុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុតក្នុងពិភពលោកយ៉ាងហោចណាស់កំពុងមានទំនាក់ទំនងគ្នាទៅវិញទៅមក»។
លោក រូប៊ីអូ បាននិយាយថា ទីក្រុងប៉េកាំងបានជៀសវាងការពិភាក្សាអំពីការគ្រប់គ្រងសព្វាវុធជាប្រវត្តិសាស្ត្ររហូតដល់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនត្រូវគ្នានឹងឃ្លាំងអាវុធរបស់ប្រទេសមហាអំណាចដទៃទៀត។
ទោះជាយ៉ាងណាក៏ដោយ លោកបាននិយាយថា វាជារឿងល្អ ដែលសហរដ្ឋអាមេរិកមានប្រធានាធិបតីដែលមានឆន្ទៈក្នុងការសាកល្បង។
ការកត់សម្គាល់របស់លោកបានធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ដែលបានបង្ហាញពីភាពបើកចំហចំពោះកិច្ចពិភាក្សាត្រីភាគីជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីននិងប្រធានាធិបតីចិន លោក ស៊ី ជីនពីង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





