AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦–ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តកែប កំពង់ឆ្នាំង និងខេត្តស្វាយរៀង។ សម្រាប់ពិធីបើកជាផ្លូវការនឹងប្រព្រឹត្តទៅនាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១៨:០០នាទី នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងពិធីបិទនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៨:០០នាទី នៅក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី។

ដើម្បីប្រមូលផ្តុំធាតុចូល កំណត់ទិសដៅការងាររួម ពិនិត្យវឌ្ឍនភាពការងារ ពិភាក្សាលើផែនការសកម្មភាព និងជំរុញការសម្របសម្រួលរវាងអង្គភាពពាក់ព័ន្ធ សំដៅធានាឱ្យដំណើរការរៀបចំពិធីបើក និងបិទនៃព្រឹត្តិការណ៍កីឡាជាតិដ៏សំខាន់នេះប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ទាំងផ្នែកកម្មវិធីពិធីការ ការរៀបចំទីតាំង ការទទួលបដិសណ្ឋារកិច្ច ការរៀបចំកន្លែងអង្គុយសម្រាប់ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយស ការសម្របសម្រួលលំហូរចូល-ចេញ ព្រមទាំងការត្រៀមលក្ខណៈបច្ចេកទេស និងគាំទ្រចាំបាច់នានា ស្របតាមកម្មវិធីដែលបានគ្រោងទុក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមរៀបចំពិធីដ៏មានសារៈសំខាន់មួយនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងជនបង្គោលនៃគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ព្រមទាំងភាគីពាក់ព័ន្ធ ខណៈក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកព្រឹត្តិការណ៍ប្រកួតកីឡាជាតិនេះថាជាឱកាសដ៏សំខាន់សម្រាប់ជំរុញការអភិវឌ្ឍវិស័យកីឡាជាតិ ការលើកកម្ពស់សមត្ថភាព និងទេពកោសល្យរបស់កីឡាករ កីឡាការិនី ព្រមទាំងការលើកកម្ពស់ការចូលរួមរបស់ជនមានពិការភាពក្នុងសកម្មភាពកីឡា ដោយផ្អែកលើគោលការណ៍សមភាព បរិយាបន្ន និងស្មារតីកីឡា៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





