AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ -- កិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ចនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី៣៣ នឹងប្រារព្ធឡើងនៅទីក្រុងស៊ិនជិន ក្នុងខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន នៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ដែលវាននឹងក្លាយជាលើកទី៣ ហើយដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះ។ ទីក្រុងស៊ិនជិនកំពុងពន្លឿនការរៀបចំលើផ្នែកជាច្រើនរាប់ចាប់តាំងពីការឆ្លងកាត់ព្រំដែន និងសេវាសាធារណៈរហូតដល់ការចូលរួមរបស់សាធារណជន ដោយមានគោលបំណងធ្វើឱ្យការធ្វើដំណើរ និងការស្នាក់នៅប្រចាំថ្ងៃកាន់តែមានភាពងាយស្រួលសម្រាប់គណៈប្រតិភូ និងភ្ញៀវអន្តរជាតិ។
ការធ្វើឱ្យប្រសើរឡើងនូវច្រកព្រំដែនដែលជួយបង្កើនប្រសិទ្ធភាពនៃការធ្វើដំណើរ
កាលពីថ្ងៃទី១២ ខែតុលា ច្រកព្រំដែនហ័ងកាង ដែលត្រូវបានអភិវឌ្ឍឡើងវិញ — ដែលជាអគារច្រកព្រំដែនតែមួយដ៏ធំបំផុតរបស់ប្រទេសចិននិងជាបរិវេណច្រកព្រំដែនគោកដ៏ធំបំផុតនៅលើពិភពលោក — បានបើកដំណើរការជាផ្លូវការ។ ច្រកព្រំដែននេះអនុវត្តការរៀបចំទីតាំងរួមគ្នា និងទម្រង់ថ្មីនៃការ «ត្រួតពិនិត្យរួមគ្នា និងការអនុញ្ញាតឆ្លងកាត់រួមគ្នា» ដោយផ្តល់សេវាកម្មអនុញ្ញាតឱ្យឆ្លងកាត់ព្រំដែនសម្រាប់អ្នកដំណើរ និងយានយន្តនានារយៈពេល ២៤ម៉ោង។ នៅថ្ងៃដំបូងនៃប្រតិបត្តិការរបស់ខ្លួន ទីតាំងនេះបានសម្របសម្រួលការឆ្លងកាត់របស់អ្នកដំណើរចំនួន ៧៩.៥០០ នាក់។
អាកាសយានដ្ឋានអន្តរជាតិស៊ិនជិនប៉ាវអាន កំពុងសាកល្បងនីតិវិធីត្រួតពិនិត្យជាមុន ដែលបានកាត់បន្ថយពេលវេលាសម្រាប់ដំណើរការអនុញ្ញាតឱ្យចូលក្នុងអំឡុងពេលដែលមានអ្នកដំណើរច្រើនកុះករ ពី ៤៥នាទីមកនៅត្រឹមតិចជាង ១៥នាទី។ លើសពីនេះ ផ្លាកសញ្ញាថ្មីៗជិត ៤០០ផ្ទាំងដែលមានសរសេរជាភាសាចិន អង់គ្លេស ជប៉ុន កូរ៉េ និងភាសាផ្សេងទៀត ក៏ត្រូវបានដំឡើងផងដែរ។
គិតត្រឹមដើមខែកញ្ញា ចំនួននៃការធ្វើដំណើររបស់អ្នកដំណើរមកពីប្រទេសសេដ្ឋកិច្ចសមាជិក APEC ដែលឆ្លងកាត់អាកាសយានដ្ឋាននេះក្នុងឆ្នាំនេះ បានកើនឡើងលើសពីមួយលាននាក់ ដែលជាកំណត់ត្រាថ្មីសម្រាប់រយៈពេលដូចគ្នាកាលពីឆ្នាំមយន។ អាកាសយានដ្ឋាននេះដំណើរការផ្លូវហោះហើរដឹកអ្នកដំណើរជាង ៣០ខ្សែទៅកាន់ទីក្រុងសំខាន់ៗនានាក្នុងតំបន់APEC ដោយមានជើងហោះហើរចូល និងចេញជាង ៧០០ជើងក្នុងមួយសប្តាហ៍។
សេវាកម្មកាន់តែប្រសើរដែលជួយសម្រួលដល់ភ្ញៀវអន្តរជាតិក្នុងការទៅកាន់ទីក្រុងស៊ិនជិន
ទីក្រុងស៊ិនជិនកំពុងបន្តកែលម្អសេវាកម្មនានាសម្រាប់ភ្ញៀវអន្តរជាតិដែលរួមមាន ការរៀបចំស្លាកសញ្ញាជាភាសាបរទេស ប្រព័ន្ធដឹកជញ្ជូន ការទូទាត់ប្រាក់ និងការសងពន្ធត្រឡប់ទៅវិញ។ ចាប់ពីថ្ងៃទី០១ ខែតុលាបទប្បញ្ញត្តិស្តីពីការប្រើប្រាស់ និងការគ្រប់គ្រងស្លាកសញ្ញាសាធារណៈជាភាសាបរទេសបានចូលជាធរមាន ដោយកំណត់តម្រូវការសម្រាប់ស្លាកសញ្ញានៅក្នុងទីកន្លែងសាធារណៈចំនួន ៨ប្រភេទ ដែលជួយបង្កើតបរិយាកាសងាយស្រួលសម្រាប់អ្នកប្រើប្រាស់ភាសាបរទេស។
ឧបករណ៍បកប្រែឆ្លាតវៃជាង ៧.០០០គ្រឿង ត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមស្ថានីយរថយន្តក្រុង និងរថភ្លើងក្រោមដី មជ្ឈមណ្ឌលផ្តល់សេវាសាធារណៈ ទីកន្លែងវប្បធម៌ និងកន្លែងកីឡានានាទូទាំងទីក្រុងស៊ិនជិន។រថយន្តតាក់ស៊ីជាង ៥.០០០គ្រឿង ត្រូវបានបំពាក់ដោយឧបករណ៍ប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលអាចបកប្រែសំឡេងបានភ្លាមៗសម្រាប់ជាង ១៤០ភាសា។ នៅតាមចំណតរថយន្តក្រុងទាំង ១១.០០០កន្លែងក្នុងទីក្រុង សុទ្ធតែមានដាក់ឈ្មោះជាភាសាអង់គ្លេស ហើយអ្នកដំណើរអាចស្កេនកូដ QR នៅលើស្លាកសញ្ញាចំណត ដើម្បីទទួលបានព័ត៌មានអំពីខ្សែរត់រថយន្តក្រុងជាភាសាអង់គ្លេស និងព័ត៌មានថ្មីៗអំពីពេលវេលាមកដល់នៃរថយន្តក្រុង។
ចំពោះការទូទាត់ប្រាក់វិញ ខ្សែរថភ្លើងក្រោមដីទាំង ១៧ខ្សែ និងស្ថានីយចំនួន ៤៣២កន្លែងក្នុងទីក្រុង សុទ្ធតែទទួលយកការទូទាត់ដោយមិនចាំបាច់ឆូតកាត (contactless payment) តាមរយៈកាតធនាគារបរទេស។គិតត្រឹមខែកក្កដា អាជីវករចំនួន ៤១.០០០នាក់នៅទូទាំងទីក្រុងបានទទួលយកកាតធនាគារបរទេស ដោយមានការគាំទ្រពីម៉ាស៊ីនទូទាត់ប្រាក់ (POS) ចំនួន៥១.០០០គ្រឿង។ ចាប់ពីខែមករាដល់ខែសីហា ជនបរទេសបានធ្វើប្រតិបត្តិការទូទាត់ប្រាក់ចំនួន ១៤៣លានដងនៅក្នុងទីក្រុងស៊ិនជិន ដែលមានទឹកប្រាក់សរុប ២១,០៩ពាន់លានយន់ (ស្មើនឹង ៣,១៥ពាន់លានដុល្លារអាម៉េរិក)។ តួលេខនេះកើនឡើង ១៨,៦៤% និង ២៦,៥៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លើសពីនេះ ទីក្រុងស៊ិនជិនក៏កំពុងពង្រីកសេវាកម្មនានា ដូចជាការសងពន្ធត្រឡប់មកវិញសម្រាប់អ្នកដំណើរ និងសេវាប្តូរប្រាក់នៅឯព្រលានយន្តហោះ និងតាមតំបន់ពាណិជ្ជកម្មផ្សេងៗហើយមន្ទីរពេទ្យ សណ្ឋាគារ តំបន់ទេសចរណ៍ និងអ្នកផ្តល់សេវាផ្នែកច្បាប់ ក៏កំពុងខិតខំកែលម្អសេវាកម្មរបស់ខ្លួន ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវអន្តរជាតិ និងអតិថិជនផងដែរ។
ប្រជាពលរដ្ឋចូលរួមក្នុងការត្រៀមរៀបចំដើម្បីស្វាគមន៍កិច្ចប្រជុំអាស៊ី-ប៉ាស៊ីហ្វិក
កាលពីថ្ងៃទី១៥ ខែតុលា ទីក្រុងស៊ិនជិនបានដាក់ចេញនូវគំនិតផ្តួចផ្តើមស្តីពី «ការធ្វើដំណើរប្រកបដោយភាពស្និទ្ធស្នាលនឹងបរិស្ថាន» ដោយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋកាត់បន្ថយ ឬផ្អាកការប្រើប្រាស់រថយន្តផ្ទាល់ខ្លួនក្នុងអំឡុងពេលនៃកិច្ចប្រជុំ APEC។ ក្នុងរយៈពេលត្រឹមតែ ៣ម៉ោងបន្ទាប់ពីការប្រកាសគំនិតផ្តួចផ្តើមនេះ មានម្ចាស់រថយន្តជាង ២០.០០០នាក់បានចុះឈ្មោះចូលរួម ដោយយល់ព្រមមិនយកយានយន្តរបស់ខ្លួនចេញមកបើកបរលើដងផ្លូវឡើយ។ លុះដល់ព្រឹកថ្ងៃទី១៧ ខែតុលា ចំនួននេះបានកើនឡើងលើសពី ២៣០.០០០នាក់។
សាកលវិទ្យាល័យចំនួន១៤ នៅក្នុងទីក្រុងស៊ិនជិន រួមទាំងសាកលវិទ្យាល័យស៊ិនជិន និងសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាភាគខាងត្បូង បានបង្កើតក្រុមស្ម័គ្រចិត្តដើម្បីផ្តល់សេវាកម្មនានាពាក់ព័ន្ធនឹងកិច្ចប្រជុំ APEC។ ក្រុមស្ម័គ្រចិត្តអន្តរជាតិកំពុងបំពេញការងារយ៉ាងសកម្មនៅតាមទីផ្សារ និងសហគមន៍នានា ខណៈដែលសិស្សស្ម័គ្រចិត្តមកពីសាលាភាសាបរទេសស៊ិនជិន កំពុងជួយសម្រួលដល់ភ្ញៀវបរទេសនៅស្ថានីយរថភ្លើងស៊ិនជិនខាងជើង ព្រមទាំងជួយឆ្លើយសំណួរផ្សេងៗរបស់ពួកគេ។ ទន្ទឹមនឹងនេះ មន្ត្រីរាជការក៏បានចូលរួមក្នុងការត្រួតពិនិត្យសុវត្ថិភាពនៅតាមសហគមន៍ ជួយរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ ណែនាំភ្ញៀវនៅតាមទីតាំងរៀបចំកម្មវិធី និងគាំទ្រសកម្មភាពផ្លាស់ប្តូរវប្បធម៌អន្តរជាតិផងដែរ។
ក្រុមអ្នកបើកបររថយន្តដឹកទំនិញបានបង្កើតក្រុមស្ម័គ្រចិត្តប្រចាំទីក្រុងខណៈដែលអ្នកផ្តល់សេវាដឹកជញ្ជូនទំនិញ និងអ្នកដឹកជញ្ជូនអាហារ កំពុងចូលរួមវគ្គសិក្សាដើម្បីរៀនភាសាបរទេសកម្រិតមូលដ្ឋាន និងស្វែងយល់ពីពិធីការ ឬរបៀបប្រាស្រ័យទាក់ទងជាមួយភ្ញៀវអន្តរជាតិ។
ចាប់ពីការសម្របសម្រួលនៅតាមព្រំដែន និងសេវាសាធារណៈប្រចាំថ្ងៃ រហូតដល់ការលើកកម្ពស់ការធ្វើដំណើរដែលមិនប៉ះពាល់ដល់បរិស្ថាន និងការផ្តល់ជំនួយពីក្រុមស្ម័គ្រចិត្ត ទីក្រុងស៊ិនជិន កំពុងបន្តកែលម្អសេវាកម្មអន្តរជាតិរបស់ខ្លួន ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំAPEC នេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BRNN)





