AKP កំពង់ចាម ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ -- ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងបញ្ជាក់ថា ការផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រឿងញៀន និងអត្ថប្រយោជន៍កម្មវិធីទូរស័ព្ទដៃ App NoDrug ក្នុងពិធីអុំទូករយៈពេល៣ថ្ងៃនេះ ប្រជាពលរដ្ឋ ក៏ដូចជាមហាជនក្នុងខេត្ដកំពុងចាម មានការចាប់អារម្មណ៍ខ្លាំងលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ការថ្លែងបញ្ជាក់របស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯកបែបនេះ នៅក្នុងឱកាសទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងការដឹកនាំសហការីចុះសហការជាមួយគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម រៀបចំការផ្សព្វផ្សាយ ពីគ្រោះថ្នាក់នៃគ្រឿងញៀន និងអត្ថប្រយោជន៍កម្មវិធីទូរស័ព្ទដៃ App NoDrug នៅក្នុងពិធីអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនៅខេត្តកំពង់ចាម ពីថ្ងៃ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំប្រសាសន៍របស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានថ្លែងអំណរគុណ កោតសរសើរដល់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម ដែលបានផ្តល់កិច្ចសហការយ៉ាងល្អលើការងារផ្សព្វផ្សាយពីគ្រោះថ្នាក់ នៃគ្រឿងញៀន និងអត្ថប្រយោជន៍ការប្រើប្រាស់កម្មវិធីទូរសព្ទដៃ App NoDrug ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីមហាជនចូលទស្សនាស្វែងយល់យ៉ាងច្រើនកុះករ។ ឯកឧត្ដម ឧត្តមសេនីយ៍ឯក បានលើកឡើងថា ការចូលរួមពីមហាជនចូលរួមស្វែងយល់ ទទួលយកឯកសារចំណេះដឹង និងទាញយកកម្មវិធី App NoDrug ពីមហាជននៅខេត្តកំពង់ចាម បញ្ជាក់ថាពួកគាត់មានការចាប់អារម្មណ៍ ពីសារៈសំខាន់លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសលើការងារផ្សព្វផ្សាយអប់រំដើម្បីទទួលបានព័ត៌មានពិត និងចំណេះដឹង ដើម្បីយកទៅផ្សព្វផ្សាយដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ របស់ពួកគាត់កុំឱ្យទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន “គ្រួសារខ្ញុំ គ្រួសារអ្នក មិនពាក់ព័ន្ធនឹងគ្រឿងញៀនសហគមន៍របស់យើងនិងគ្មានគ្រឿងញៀន“។

ជាមួយគ្នានេះ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) បានថ្លែងការសាទរចំពោះសកម្មភាពចូលរួមយ៉ាងផុលផុសរបស់ក្រុមការងារផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនក៏ដូចជា App NoDrug ដល់មហាជន។

ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត ក៏សូមថ្លែងអំណរគុណដល់ការឧបត្ថម្ភគាំទ្រជាវត្ថុអនុស្សាវរីយ៍ ដែលរួមមាន ឆ័ត្រ មួក សៀវភៅ អាវយឺត បន្តោងសោ ផ្លិត ខិត្តប័ណ្ណប្រឆាំងគ្រឿងញៀន ។ល។ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី LOLC ក្រុមហ៊ុនទូរសព្ទមិត្តហ្វូន ក្រុមហ៊ុនទេសចរណ៍ឆាយភល និងធូរវើលត្រាវែល៕



ដោយ៖ រិទ្ធី, ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន





