AKP ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ -- ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអាទិត្យថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន(Kim Jong-un) បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន និងបានប្តេជ្ញាពង្រឹងទំនាក់ទំនងដ៏យូរលង់រវាងប្រទេសទាំងពីរ។
សេចក្តីរាយការណ៍នេះបានបញ្ជាក់ពីព័ត៌មានមុននេះ ដែលទទួលបានពីប្រភពរដ្ឋាភិបាលកូរ៉េខាងត្បូង ដោយបានលើកឡើងថា លោក គីម បានទៅកាន់ទីក្រុងដានដុង ដែលជាទីក្រុងព្រំដែនរបស់ប្រទេសចិន។ នៅទីនោះលោកបានជួបជាមួយលោក វ៉ាង ហ៊ូនីង (Wang Huning) មន្ត្រីជាន់ខ្ពស់លំដាប់ទី៤ របស់ប្រទេសចិន និងជាប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន។
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) របស់កូរ៉េខាងជើង បានឱ្យដឹងថា លោក គីម បានទៅដល់ទីក្រុងដានដុងកាលពីថ្ងៃសៅរ៍ ដោយមានការអមដំណើរពីមន្ត្រីជាន់ខ្ពស់នៃគណបក្ស និងរដ្ឋាភិបាល រួមមាន លោក ជូ យ៉ុងវ៉ុន (Jo Yong-won) សមាជិកគណៈប្រធាននៃគណបក្សពលករដែលកំពុងកាន់អំណាច រដ្ឋមន្ត្រីការបរទេស លោកស្រី ឆូ សុនហ៊ុយ (Choe Son-hui) និងលោកស្រី គីមយ៉ូជុង (Kim Yo-jong) ដែលជាប្អូនស្រីរបស់លោក និងជាប្រធាននាយកដ្ឋានមួយនៅក្នុងគណបក្ស។
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) និងមន្ត្រីជាន់ខ្ពស់ចិនផ្សេងទៀត ក៏មានវត្តមាននៅទីនោះផងដែរ។
ដំណើរទស្សនកិច្ចកាលពីថ្ងៃសៅរ៍នេះ គឺជាលើកដំបូងដែលគេដឹងថាលោក គីម បានធ្វើដំណើរទៅកាន់ប្រទេសចិន ចាប់តាំងពីខែកញ្ញាឆ្នាំ២០២៥ មក។ នៅពេលនោះ លោកបានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងដើម្បីចូលរួមក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី២ និងបានជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping)។ នេះគឺជាដំណើរទស្សនកិច្ចលើកទី៦ របស់លោកទៅកាន់ប្រទេសចិន ចាប់តាំងពីលោកបានឡើងកាន់អំណាចក្នុងឆ្នាំ ២០១១។
លោក គីម បានទៅគោរពវិញ្ញាណក្ខន្ធនៅវិមានរំលឹកដល់ទាហានចិនដែលបានចូលរួមក្នុងសង្គ្រាមកូរ៉េ (ឆ្នាំ១៩៥០-១៩៥៣) ខណៈដែលប្រទេសចិនបានប្រារព្ធខួបលើកទី៧៦ នៃការចូលរួមក្នុងសង្គ្រាមកូរ៉េកាលពីថ្ងៃអាទិត្យ។
ទីភ្នាក់ងារសារព័ត៌មាន KCNA បានដកស្រង់សម្តីលោក គីម ថា៖«យើងនឹងចងចាំជានិច្ចនូវប្រវត្តិសាស្ត្រដែលកូនចៅដ៏ឆ្នើមរបស់ប្រជាជនចិនបានជួយដល់បដិវត្តន៍របស់យើង ដោយបានបូជាសូម្បីតែឈាមរបស់ពួកគេហើយយើងនឹងបន្តពង្រឹងទំនាក់ទំនងមិត្តភាពរវាងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (DPRK) និងចិន ឱ្យកាន់តែរឹងមាំថែមទៀត»។
លោក គីម ក៏បានចូលរួមក្នុងពិធីលៀងសាយភោជន៍មួយដែលរៀបចំឡើងដោយលោក វ៉ាង តាមការចង្អុលបង្ហាញរបស់លោក ស៊ីព្រមទាំងបានទៅទស្សនារោងចក្រផលិតរថយន្តក្រុងមួយកន្លែងនៅក្នុងទីក្រុងដានដុងផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





