AKP បន្ទាយមានជ័យ ថ្ងៃទី២៧ ខែតុលាឆ្នាំ២០២៦--លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាពជំនាញ និងដៃគូអភិវឌ្ឍន៍ បន្តពង្រឹងកិច្ចសហការក្នុងការកំណត់ និងសម្របសម្រួលគម្រោងអាទិភាពរបស់ឃុំ ដោយផ្អែកលើតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដើម្បីធានាឱ្យការប្រើប្រាស់ធនធានអភិវឌ្ឍន៍មានប្រសិទ្ធភាព និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព។
ការជំរុញនេះធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសលោកអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ ឆ្នាំ២០២៧-២០២៩ នៅថ្នាក់ស្រុក ឆ្នាំ២០២៦ របស់រដ្ឋបាលស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីតំណាងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំ ស្មៀនឃុំទាំង៩ ការិយាល័យចំណុះរដ្ឋបាលស្រុក និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ នៅសាលប្រជុំសាលាស្រុកព្រះនេត្រព្រះ។ 
ថ្លែងក្នុងឱកាសនោះ លោក ឈឿន ក្រៃយ៉ុង បានមានប្រសាសន៍ថា សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ មានសារៈសំខាន់ក្នុងការបង្ហាញ ពិភាក្សា និងស្វែងរកការគាំទ្រចំពោះគម្រោងអាទិភាពរបស់រដ្ឋបាលឃុំនីមួយៗ ដែលបានរៀបចំសម្រាប់អនុវត្តក្នុងរយៈពេលបីឆ្នាំ ចាប់ពីឆ្នាំ២០២៧ ដល់ឆ្នាំ២០២៩។ វេទិកានេះផ្តល់ឱកាសដល់អាជ្ញាធរឃុំ និងស្ថាប័នពាក់ព័ន្ធ រួមគ្នាពិនិត្យលើតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន និងកំណត់លទ្ធភាពគាំទ្រដល់គម្រោងនីមួយៗឱ្យស្របតាមអាទិភាពអភិវឌ្ឍន៍។ 
លោកបានបន្តថា កម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ មិនត្រឹមតែជាឯកសារសម្រាប់កំណត់គម្រោងអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយន្តការសម្របសម្រួលរវាងផែនការអភិវឌ្ឍន៍នៅថ្នាក់ឃុំ ជាមួយផែនការរបស់មន្ទីរ អង្គភាពជំនាញនៅថ្នាក់ស្រុក និងថ្នាក់ខេត្តផងដែរ។ ការផ្សារភ្ជាប់ផែនការទាំងនេះ នឹងជួយឱ្យការអនុវត្តគម្រោងមានភាពស៊ីសង្វាក់គ្នា ជៀសវាងការជាន់គ្នានៃគម្រោង និងធានាថាធនធានដែលមានត្រូវបានប្រើប្រាស់ចំគោលដៅ និងទទួលបានលទ្ធផលជាក់ស្តែង។
លោកអភិបាលរងខេត្តបានបញ្ជាក់ថា តាមរយៈសិក្ខាសាលានេះ រដ្ឋបាលឃុំនីមួយៗអាចលើកឡើងពីតម្រូវការចាំបាច់ និងគម្រោងអាទិភាពរបស់ខ្លួន ដើម្បីឱ្យមន្ទីរ អង្គភាពជំនាញ និងអង្គការដៃគូអភិវឌ្ឍន៍ពិនិត្យ ពិភាក្សា និងស្វែងរកលទ្ធភាពគាំទ្រទៅតាមសមត្ថភាព និងលទ្ធភាពជាក់ស្តែង ទាំងផ្នែកបច្ចេកទេស សម្ភារៈ និងធនធានហិរញ្ញវត្ថុ។
ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់លើការកំណត់គម្រោងដោយផ្អែកលើតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់សេវាសាធារណៈ វិស័យអប់រំ សុខាភិបាល កសិកម្ម និងសង្គមកិច្ច។ វិស័យទាំងនេះមានទំនាក់ទំនងដោយផ្ទាល់ទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយការកំណត់អាទិភាពបានត្រឹមត្រូវ នឹងជួយឱ្យការវិនិយោគនៅមូលដ្ឋានឆ្លើយតបបានកាន់តែចំគោលដៅ។
សិក្ខាសាលានេះក៏ជាវេទិកាសម្រាប់ពង្រឹងភាពជាដៃគូ និងការទទួលខុសត្រូវរួមរវាងអាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាពជំនាញ និងអង្គការដៃគូអភិវឌ្ឍន៍ ក្នុងការកំណត់បញ្ហាប្រឈម ស្វែងរកដំណោះស្រាយ និងកៀរគរធនធានសម្រាប់អនុវត្តគម្រោងអាទិភាព។ ការចូលរួមពីគ្រប់ភាគី ក៏ជួយបង្កើនភាពច្បាស់លាស់ក្នុងការរៀបចំផែនការ និងជំរុញការអនុវត្តការងារឱ្យមានតម្លាភាព និងគណនេយ្យភាព។ 
គួរបញ្ជាក់ថា សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ ឆ្នាំ២០២៧-២០២៩ នៅថ្នាក់ស្រុក គឺជាដំណាក់កាលសំខាន់ក្នុងការភ្ជាប់តម្រូវការអភិវឌ្ឍន៍របស់មូលដ្ឋានទៅនឹងការគាំទ្រពីស្ថាប័នពាក់ព័ន្ធ។ តាមរយៈការពិភាក្សា និងសម្រប សម្រួលរួមគ្នានេះ រដ្ឋបាលស្រុកព្រះនេត្រព្រះ និងឃុំទាំង៩ អាចកំណត់ទិសដៅអភិវឌ្ឍន៍ឱ្យកាន់តែច្បាស់លាស់ ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់គុណភាពសេវាសាធារណៈ និងបង្កើនសុខុមាលភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕
ដោយ៖ ឈុនសារ៉ាត





