AKP កំពង់ធំ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦-- លោកជំទាវ ស៊ឹម សុវណ្ណរិទ្ធ ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តកំពង់ធំបានជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត បង្កើនការផ្សព្វផ្សាយអប់រំអំពីសុខភាព និងការការពារជំងឺឆ្លងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកជំទាវបានជំរុញដូចនេះនៅក្នុងកិច្ចក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ ប្រចាំខែតុលា ឆ្នាំ២០២៦ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ (គ.ក.ស.ក) ខេត្តកំពង់ធំនៅសាលប្រជុំប្រាសាទយាយព័ន្ធសាលាខេត្តកំពង់ធំ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកជំទាវ ស៊ឹម សុវណ្ណរិទ្ធ បានលើកឡើងពីសារៈសំខាន់ នៃការផ្សព្វផ្សាយចំណេះដឹងផ្នែកសុខភាពដល់ប្រជាពលរដ្ឋដើម្បីឱ្យពួកគាត់មានការយល់ដឹងត្រឹមត្រូវអំពីការថែទាំសុខភាពផ្ទាល់ខ្លួន ការរស់នៅប្រកបដោយអនាម័យនិងការចូលរួមបង្ការជំងឺឆ្លងនៅក្នុងគ្រួសារនិងសហគមន៍។ ជាពិសេសត្រូវយកចិត្តទុកដាក់លើការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងជំងឺផ្តាសាយធំប្រភេទ Influenza A និង Influenza B ដែលជាជំងឺឆ្លងតាមប្រព័ន្ធផ្លូវដង្ហើមនិងអាចបង្កហានិភ័យដល់សុខភាព ប្រសិនបើមិនមានការប្រុងប្រយ័ត្ន និងអនុវត្តវិធានការការពារបានត្រឹមត្រូវ។
លោកជំទាវបានបន្ថែមថា មន្ទីរអង្គភាពពាក់ព័ន្ធព្រមទាំងអាជ្ញាធរមូលដ្ឋានត្រូវបង្កើនកិច្ចសហការគ្នាក្នុងការផ្សព្វផ្សាយព័ត៌មានសុខភាពឱ្យបានទូលំទូលាយ និងទាន់ពេលវេលា ដោយប្រើប្រាស់មធ្យោបាយផ្សព្វផ្សាយសមស្របទៅតាមស្ថានភាពជាក់ស្តែងនៅក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់លើការផ្តល់ចំណេះដឹងអំពីវិធានការការពារជំងឺឆ្លងការរក្សាអនាម័យផ្ទាល់ខ្លួននិងបរិស្ថានជុំវិញផ្ទះព្រមទាំងការស្វែងរកសេវាពិនិត្យនិងព្យាបាលសុខភាពនៅពេលមានរោគសញ្ញាគួរឱ្យសង្ស័យ។

លោកជំទាវក៏បានលើកទឹកចិត្តឱ្យស្ថាប័នពាក់ព័ន្ធបន្តពង្រឹងការអប់រំ និងការផ្សព្វផ្សាយដល់ស្ត្រី និងកុមារដើម្បីធានាថាពួកគាត់ទទួលបានព័ត៌មានត្រឹមត្រូវ អាចយកទៅអនុវត្តក្នុងជីវភាពប្រចាំថ្ងៃនិងចូលរួមបង្កើតបរិយាកាសរស់នៅដែលមានសុវត្ថិភាព និងសុខភាពល្អ៕
ដោយ ស៊ុម វណ្ណា





