AKP ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងអប់រំ យុវជននិងកីឡា សហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្វើការសិក្សាពីការបន្ថែមម៉ោងសិក្សាដល់សិស្សរហូតដល់៦ម៉ោងក្នុងរយៈពេលមួយថ្ងៃ ខណៈពេលបច្ចុប្បន្ន រៀនរយៈ៤ម៉ោងក្នុងមួយថ្ងៃ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សជាប់និន្ទេសA ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នៅអគារ OCIC ភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះ៖«ឡូវយើងមិនទាន់ដាក់ទិសដៅរៀនរយៈពេល៨ម៉ោងដូចខ្ញុំពេលមុនទេ ប៉ុន្តែយើងត្រូវដាក់ទិសដៅរៀនរយៈពេល៦ម៉ោងក្នុងមួយថ្ងៃជាស្វ័យប្រវត្តិនៅក្នុងឆ្នាំនេះដើម្បីឲ្យគាត់មានឱកាសរៀនបន្ថែមទៀត»។
សម្តេចធបតី បានបន្តថា ការបន្ថែមម៉ោងសិក្សានេះដោយសារបច្ចុប្បន្ននេះមេរៀនច្រើនចំណែកម៉ោងសិក្សាមានតិចដូច្នេះរៀនមិនអស់នោះទេ។
សម្តេចបានបញ្ជាក់ថា៖«អីចឹងខ្ញុំគិតថា យើងត្រូវពង្រីកម៉ោងសិក្សាស្នើឲ្យក្រសួងអប់រំ ធ្វើផែនការជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញវត្ថុ ថាអ្វីដែលត្រូវធ្វើចំណាយតិចហើយមានអាទិភាពធំ។ ម៉ោងសិក្សាគឺចំណេញដោយផ្តល់ឲ្យសិស្សបានសួរឬបន្ថែម មេរៀនឲ្យសិស្ស ដោយពេលនេះយើងផ្តោតលើមុខវិជ្ជាគណិតវិទ្យា និងភាសាខ្មែរឲ្យរឹងមាំ»។
ជាមួយគ្នានោះដែរ សម្តេចធិបតីលើកឡើងថា ការបន្ថែមម៉ោងនេះក៏ជួយដល់ឪពុកម្តាយ មួយផ្នែកដែរ ដោយកូនខ្លះយកពេលនេះ ទៅបង្ហោះកង់ ម៉ូតូ ឬខ្លះប្រើគ្រឿងញៀន និងប្រមូលផ្តំគ្នា។ ប៉ុន្តែពេលថែមម៉ោងសិក្សានេះដើម្បីឲ្យគាត់រៀនជាការល្អ។
សម្តេចធិបតីបានលើកឡើងថា ជាគោលការណ៍ ដែលត្រូវជំរុញធ្វើការបន្ថែមម៉ោងសិក្សានឹងចាប់ផ្តើមនៅឆ្នាំក្រោយ។ ថវិកាចំពោះគម្រោងនេះយើងនឹងធ្វើការវិភាគចំពោះការបង្កើតសាលា ការជ្រើសរើសគ្រួ និងធ្វើជាបន្តបន្ទាប់៕
ដោយ៖ប៊ុនរិទ្ធ





