AKP ព្រះសីហនុ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦-- លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារលើកទី២៨ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ច ចំនួន១៤ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន និងរដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា គម្រោងទាំងនេះរួមមាន គម្រោងអគារពហុមុខងារ គម្រោងសណ្ឋាគារ សួនឧស្សាហកម្ម ភណ្ឌាគារគយមានដែនកំណត់ រោងចក្រផលិតក្តារបន្ទះគ្រប់ប្រភេទ រោងចក្រផលិតកាវ រោងចក្រផលិតឧបករណ៍ពេទ្យ ក្រោមទុនវិនិយោគជាង ២៣៧លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋប្រមាណ ២ ៧០០កន្លែង។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានស្នើក្រសួងស្ថាប័នពាក់ព័ន្ធ បន្តផ្តល់កិច្ចសហការ និងអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលដោយប្រសិទ្ធភាព និងតម្លាភាព ដើម្បីជំរុញការវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍក្នុងខេត្តព្រះសីហនុ តាមរយ:ការរួមគ្នាដោះស្រាយបញ្ហាជាកញ្ចប់ ស្របតាមអភិក្រម “ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ” និងការលើកស្ទួយស្មារតី “ឧត្តមនិយម” នៃផលប្រយោជន៍រួមជាចម្បង។

សូមជម្រាបជូនថា គិតចាប់ពីឆ្នាំ២០២៤ ដល់ខែតុលា ឆ្នាំ២០២៦ ក្រុមការងារបានសម្រេចផ្តល់ការលើកទឹកចិត្ត និងការសម្រួលនីតិវិធីដល់គម្រោងសរុប៥១១គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មាន៨,៥ប៊ីលានដុល្លារអាមេរិក និងអាចបង្កើតឱកាសការងារជាង៦ម៉ឺនកន្លែង។ គម្រោងទាំង៥១១នេះ រួមមាន៖ គម្រោងពាក់ព័ន្ធអគារជាប់គាំងចំនួន២១៨ គម្រោងពុំពាក់ព័ន្ធអគារជាប់គាំង ឬគម្រោងថ្មីចំនួន២៥២ គម្រោងពង្រីកចំនួន២៦ និងគម្រោងមានស្រាប់ចំនួន១៥៕
ដោយ ងូ សុមុនី





