AKP ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ -- ប្រភពមន្ត្រីប៉ាឡេស្ទីនបានឱ្យដឹងកាលពីថ្ងៃចន្ទថា គ្រួសារប៉ាឡេស្ទីនចំនួន ៤៨៨គ្រួសារបានរងផលប៉ះពាល់ដោយប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ដែលកំពុងបន្តនៅក្នុងទីក្រុងហេប្រុន (Hebron) នៃតំបន់វេសប៊ែង (West Bank) ចាប់តាំងពីប្រតិបត្តិការនេះបានចាប់ផ្តើមនៅថ្ងៃសុក្រមក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានឱ្យដឹងថា រដ្ឋបាលក្រុងហេប្រុនបានបញ្ជាក់ថា កងកម្លាំងអ៊ីស្រាអែលបានបង្ខំឱ្យប្រជាជនប្រហែល៣.១៧១នាក់ចាកចេញពីលំនៅឋានរបស់ពួកគេ ជាពិសេសនៅក្នុងតំបន់Deir Baha និងតំបន់ Al-Jalda។ សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថាប្រជាពលរដ្ឋរាប់រយនាក់នៅក្នុងតំបន់ជិតខាង កំពុងជាប់គាំងនៅក្នុងផ្ទះរបស់ពួកគេ ហើយត្រូវបានរារាំងមិនឱ្យចាកចេញឡើយ។
លោក រ៉ាហ្វីក អាល់ ចាបារី (Rafiq al-Jabari) អភិបាលរងនៃទីក្រុងហេប្រុន បានមានប្រសាសន៍ថា ទីក្រុងនេះកំពុងជួបប្រទះស្ថានភាព «ដ៏លំបាក និងធ្ងន់ធ្ងរខ្លាំង» ខណៈដែលប្រតិបត្តិការរបស់អ៊ីស្រាអែលនៅតែបន្តដែលរួមមានទាំងការចូលឆែកឆេរផ្ទះសម្បែង ការចាប់ខ្លួន និងការសាកសួរចម្លើយ។
លោក អាល់ ចាបារី បានលើកឡើងថា កងកម្លាំងអ៊ីស្រាអែលបានបង្ខំឱ្យប្រជាពលរដ្ឋចាកចេញពីផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេព្រមទាំងបានបង្កឱ្យមានការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងទូលំទូលាយ និងជាប្រព័ន្ធ។ លោកបានព្រមានថា ស្ថានភាពនេះបានឈានដល់ចំណុចដ៏គ្រោះថ្នាក់មួយហើយ។
កងកម្លាំងអ៊ីស្រាអែលបានបើកប្រតិបត្តិការយោធានៅក្នុងទីក្រុងហេប្រុន កាលពីយប់ថ្ងៃសុក្រ។ ប្រតិបត្តិការនេះបានកើតឡើងបន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារមួយនៅជិតទីក្រុងហេប្រុន ដែលបានបណ្តាលឱ្យទាហានអ៊ីស្រាអែល ២នាក់ស្លាប់ និង ៣នាក់ផ្សេងទៀតរងរបួស។ កងកម្លាំងអ៊ីស្រាអែលបានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីនទាំង ២នាក់ដែលជាអ្នកបាញ់ប្រហារនោះ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





