AKP ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ -- ទីក្រុងស៊ិនជិនកំពុងក្លាយជាទីក្រុងដែលគេស្គាល់ថាជាមជ្ឈមណ្ឌលឈានមុខគេផ្នែកមនុស្សយន្តយ៉ាងឆាប់រហ័ស។ នៅក្នុងនោះ «AIR Robot Block» គឺជាទីកន្លែងដ៏ល្អឥតខ្ចោះសម្រាប់សាធារណជនទូទៅក្នុងការជួបផ្ទាល់ជាមួយមនុស្សយន្ត ចូលរួមក្នុងពិធីសម្ពោធផលិតផលថ្មីៗ សាកល្បងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ថ្មីៗដោយខ្លួនឯង និងទិញផលិតផលបច្ចេកវិទ្យាខ្ពស់ដែលកំពុងពេញនិយមដើម្បីយកទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
នៅទីនោះ មានការតាំងបង្ហាញមនុស្សយន្តសម្រាប់ជួយថែទាំមនុស្សចាស់ គ្រែឆ្លាតវៃដែលដំណើរការដោយ AI និងបច្ចេកវិទ្យាជីវសាស្ត្រថ្មីៗ ដើម្បីជួយតាមដានសុខភាព និងតម្រូវការប្រចាំថ្ងៃរបស់មនុស្សវ័យចាស់។ នៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ មនុស្សវ័យចូលនិវត្តន៍នឹងអាចរស់នៅក្នុងវ័យចាស់ប្រកបដោយផាសុកភាព និងសុវត្ថិភាពជាងមុនដោយសារជំនួយពីបច្ចេកវិទ្យា AI។
មួយទៀតនោះ គឺសាលតាំងពិព័រណ៍ ស្តីពី «ការអប់រំដោយប្រើប្រាស់AI» ដែលបង្ហាញពីគំរូនៃថ្នាក់រៀននាពេលអនាគត។ ថ្នាក់រៀនបែបនេះមិនមែនមានន័យថាត្រូវជំនួសគ្រូបង្រៀនដោយមនុស្សយន្តនោះទេ ប៉ុន្តែវាជួយសម្រួលដល់កិច្ចសហការរវាងសិស្សឱ្យកាន់តែងាយស្រួល ជួយឱ្យការស្វែងរកព័ត៌មាន និងធនធាននានាកាន់តែរហ័ស ព្រមទាំងបង្កើតបទពិសោធន៍សិក្សាដែលមានការចូលរួមសកម្មពីសិស្សកាន់តែច្រើន។
បន្តពីគំនិតនៃការប្រើប្រាស់ AI ក្នុងវិស័យសុខាភិបាលនាពេលអនាគតក្រុមហ៊ុន EYEKU បានបង្ហាញពីសមិទ្ធផលចុងក្រោយរបស់ពួកគេលើវិស័យវ៉ែនតាឆ្លាតវៃ និងការថែទាំសុខភាពភ្នែក។ បច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុនEYEKU អាចជួយពិនិត្យកម្រិតនៃភាពច្បាស់លាស់នៃការមើលឃើញណែនាំប្រភេទវ៉ែនតាដែលសមស្រប ក៏ដូចជាកំណត់រោគវិនិច្ឆ័យ និងព្យាបាលបញ្ហាភ្នែកផ្សេងៗ។
តំបន់ «AIR Robot Block» នេះ មានចំណុចលេចធ្លោបំផុតនៃផ្លូវពាណិជ្ជកម្មបែបអនាគត ដែលមានហាងមនុស្សយន្ត 6S ស៊ិនជិន ដែលនៅទីនោះលោកអ្នកអាចទិញ ជួល ឬជួសជុលមនុស្សយន្ត ទិញ ឬជួលគ្រឿងបន្លាស់សម្រាប់មនុស្សយន្តដែលលោកអ្នកមានស្រាប់ ឬរីករាយជាមួយសេវាកម្មដែលផ្តល់ដោយបុគ្គលិកជាមនុស្សយន្ត ដូចជាមនុស្សយន្តឆុងកាហ្វេនៅក្នុងហាងកាហ្វេ ឬមនុស្សយន្តរត់តុនៅក្នុងភោជនីយដ្ឋានជាដើម។
ចំណុចលេចធ្លោចុងក្រោយនៃបច្ចេកវិទ្យាទំនើបនៅតាមបណ្តោយ«វិថីមនុស្សយន្ត» គឺការសម្តែងរបាំរបស់មនុស្សយន្ត។ នៅទីនោះ មានហ្វូងមនុស្សមកពីជុំវិញពិភពលោកបានឈរទស្សនាក្រុមមនុស្សយន្តរាំ បង្ហាញសៀកផ្សេងៗជាមួយវត្ថុជាច្រើន ហើយថែមទាំងសម្តែងក្បាច់គុនកុងហ្វូទៀតផង។
ក្នុងចម្ងាយត្រឹមតែប៉ុន្មានរយម៉ែត្រប៉ុណ្ណោះ ទីក្រុងស៊ិនជិន បានបង្កើតផ្លូវផ្សារទំនើបមួយដែលនាំយកអនាគតមកដាក់នៅចំពោះមុខយើង ដែលជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ និងធ្វើឱ្យវាកាន់តែគួរឱ្យចាប់អារម្មណ៍នៅក្នុងគ្រប់ទិដ្ឋភាពស្ទើរតែទាំងអស់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BRNN)





