AKP ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦--
មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅមុនមួយថ្ងៃ នៃខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទ នរោត្តមសីហមុនី (ព្រះករុណាឡើងគ្រងរាជថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ) លោកបណ្ឌិតពៅ សុខ អ្នកឯកទេសវិទ្យាសាស្រ្តនយោបាយ និងជាទីប្រឹក្សាផ្ទាល់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាអ្នកបង្កើតឱ្យមានរបបរាជានិយម ឬហៅថាព្រះរាជាណាចក្រទី២ឡើងវិញ។

លោកបណ្ឌិតបញ្ជាក់ថា នេះគឺជាមហាគុណបំណាច់ដ៏ធំធេង ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ និងគណបក្សរបស់សម្តេច គឺគណបក្សប្រជាជនកម្ពុជា សម្រាប់សង្គមជាតិកម្ពុជាទាំងមូល ខណៈរបបរាជានិយមកម្ពុជាត្រូវបានរំលាយចោលអស់រយៈជាង២០ឆ្នាំមកហើយ គឺចាប់តាំងពីរបបសាធារណរដ្ឋខ្មែរ ដឹកដោយលោកលន់ នល់ ពីឆ្នាំ១៩៧០រហូតមកដល់របបខ្មែរក្រហម និងដល់ឆ្នាំ១៩៩៣។
លោកបណ្ឌិត លើកឡើងទៀតថា ការណ៍នេះ មិនមែនជាការកែកាឡៃការពិត ឬលើកតម្កើងសម្តេច តេជោ ហ៊ុន សែន ទេ ប៉ុន្តែជាសច្ចភាពនៃប្រវត្តិសាស្រ្ត ដែលគេមិនអាចបំភ្លេច ឬមើលរំលងបាន ព្រោះប្រសិនបើសម្តេចតេជោមិនបើកបេះដូង មិនបើកចិត្តឱ្យទូលាយដោយស្មោះត្រង់ ក្នុងការផ្សះផ្សាបង្រួបបង្រួមជាតិទេ ទោះជាខាងត្រីភាគីខិតខំយ៉ាងណាក៏មិនអាចបញ្ចប់សង្រ្គាម និងបង្កើតរបបរាជានិយមទី២នេះឡើងវិញបានដែរ។
លោកបណ្ឌិត ដែលបានរៀបរៀងសៀវភៅស្តីពីជីវប្រវត្តិថ្នាក់នាំឥស្សរជនរបស់ជាតិ (សម្តេចតេជោ ហ៊ុន សែន. សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត) បានពណ៌នាទៀតថា មុនពេលឈានដល់ការបោះឆ្នោត១៩៩៣ គឺអ្ចីៗត្រូវឆ្លងកាត់កិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ ហើយមុននឹងឈានដល់កិច្ចព្រមព្រៀងឆ្នាំ១៩៩១ គឺត្រូវឆ្លងកាត់ជំនួបលើកដំបូង ដែលគេហៅថាជំនួប សីហនុ -ហ៊ុន សែន នៅហ្វ៊ែរអង់តាដឺន័រ ប្រទេសបារាំង ថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ ដែលទទួលបានការឯកភាពគ្នា នូវលក្ខខណ្ឌ៤ចំណុច និងការជួបចរចាដ៏ស្មុគ្រស្មាញរាប់មិនអស់ថែមទៀត រួមទាំងការបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់SNC ទៀតផង។
លោកបណ្ឌិត បានរម្លឹកពីសាវតារ នៃមហាគុណបំណាច់ធំៗរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាថា៖
១.នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សម្តេចបានរំដោះប្រទេសកម្ពុជាពីឋាននរក សង្រ្គោះជីវិតប្រជាជន និងអ្វីៗទាំងអស់នៅកម្ពុជាឱ្យរួចពីសេចក្តីស្លាប់ និងអន្តរាយ។
២.ថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ ធ្វើឱ្យមានជំនួបចរចា សីហនុ-ហ៊ុន សែន លើកដំបូងនៅហ្វ៊ែរអង់តាដឺន័រ
៣.ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ធ្វើឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
៣.ខែឧសភា ឆ្នាំ១៩៩៣ ធ្វើឱ្យមានការបោះឆ្នោតជាសកលរៀបចំដោយអ៊ុនតាក់ និងបង្កើតឱ្យរបបរាជានិយមឡើងវិញ
៤.ថ្ងៃទី២៩ ខែធ្នូ ធ្នាំ១៩៩៨ បានប្រកាសបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា
៥.ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ កម្ពុជាបានចូលជាសមាជិកទី១០ នៃសមាគមអាស៊ាន
៦.ឆ្នាំ២០២០ ដល់២០២២ ជួយសង្រ្គោះជីវិតប្រជាជនកម្ពុជាទូទាំងប្រទេសឱ្យចៀសផុតមហន្តរាយនៃជំងឺរាតត្បាតកូវីដ១៩
៧.ឆ្នាំ២០២៣ ទទួលរៀបចំមហាព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឬហៅថាអាស៊ានហ្គេមដោយឥតគិតថ្លៃលើការចំណាយរបស់ប្រតិភូ និងក្រុមកីឡាករបរទេសផងដែរ។ល៕
ដោយ៖ គង់ សិរីរ័ត្ន





