AKP ភ្នំពេញ ថ្ងៃ២៨ ខែតុលា ឆ្នាំ២០២៦ — សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ សហការជាមួយអនុសាខាស្រុកប្រាសាទសំបូរ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលអំពី ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ឌក្រហម គោលការណ៍គ្រឹះ និងវិជ្ជាសង្គ្រោះបឋម ទៅដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហម នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នេះ។
វគ្គបណ្ដុះបណ្ដាលនេះក្នុងគោលបំណង ដើម្បីឱ្យយុវជនកាកបាទក្រហមបានយល់ដឹងអំពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម និងដើម្បីជួយសង្គ្រោះជនរងគ្រោះបានត្រឹមត្រូវទៅតាមបច្ចេកទេស ហើយយកចំណេះដឹងថ្មីនេះទៅធ្វើការអប់រំផ្សព្វផ្សាយបន្តដល់បងប្អូន និងសហគមន៍រៀងៗខ្លួន។


លោកស្រីនាយិការងសាខា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ជូនចំពោះសិក្ខាកាមទាំងអស់ដោយក្តីនឹករឭក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ពេលវេលាដ៏មានតម្លៃចូលរួមក្នុងការងារមនុស្សធម៌របស់កាកបាទក្រហមក៍ដូចជាវគ្គបណ្ដុះបណ្ដាលនេះផងដែរ។
សិក្ខាកាមទាំងអស់នឹងបានយល់អំពីចំណុចសំខាន់ៗរួមមាន កំលាំងចូលរួមយ៉ាងសំខាន់ក្នុងការជួយដល់ប្រជាពលរដ្ឋក្នុងសហគមន៍ និងឆ្អឹងខ្នងរបស់កាកបាទក្រហមកម្ពុជា និងជាទំពាំងស្នងឬស្សីរបស់សង្គមជាតិ។


សម្រាប់ប្រធានបទដែលយកមកបង្ហាញមានដូចជា ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ ការប្រើប្រាស់បដិរូបការសង្រ្គោះនៅពេលសន្លប់បាត់បងស្មារតី (មានដង្ហើម) ការធ្វើ CPR (មនុស្សពេញវ័យ កុមារ ទារក) ស្លាក់ (មនុស្សពេញវ័យ កុមារ ទារក) ការឃាត់ឈាម ពស់ចឹក បាក់ឆ្អឹង វិធានការការពារជំងឺមិនឆ្លងធំទាំង ៤ប្រភេទ សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រកបដោយបរិយាប័ន្ន ការទប់ស្កាត់ការកេងប្រវ័ញ្វ និងការបំពានផ្លូវភេទ(PSEP) និងវិធានការការពារជំងឺគ្រុនឈាម៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





