AKP ភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦–នៅក្នុងកម្មវិធីបើក «យុទ្ធនាការឆន្ទៈល្អលើកទី២» ក្រោមប្រធានបទ «បន្តពង្រឹងការអនុវត្តន៍វិធានការក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ ដើម្បីលើកកម្ពស់សុខុមាលភាពពលរដ្ឋ» ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល និងអ្នកជំនាញបានចេញមុខដាស់តឿន និងបង្ហាញពីក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់អវិជ្ជមាននៃការសេពគ្រឿងស្រវឹង និងការទទួលទានភេសជ្ជៈផ្អែម ដែលកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ សេដ្ឋកិច្ច និងសុខុមាលភាពគ្រួសារក្នុងសង្គម។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទម្លាយនូវតួលេខស្ថិតិសកលដ៏គួរឱ្យតក់ស្លុតថា ការសេពគ្រឿងស្រវឹង និងភេសជ្ជៈផ្អែមបានកំពុងសម្លាប់ និងបំផ្លាញសុខភាពមនុស្សជារៀងរាល់វិនាទី។ ឯកឧត្តមបានគូសបញ្ជាក់ថា ជាមធ្យម ក្នុងរយៈពេលត្រឹមតែពី ៥ ទៅ ៧វិនាទីប៉ុណ្ណោះ មានអ្នកជំងឺទឹកនោមផ្អែម ឬអ្នកមានបញ្ហាសុខភាពដោយសារភេសជ្ជៈផ្អែមម្នាក់ បានដួលស្លាប់នៅលើពិភពលោក។ រីឯការសេពគ្រឿងស្រវឹងវិញ ក្នុងរយៈពេលរៀងរាល់ ១២វិនាទី មានមនុស្សម្នាក់បានបាត់បង់ជីវិត។តួលេខដ៏លឿននេះ បង្ហាញថា ត្រឹមតែរយៈពេលដែលយើងបិទភ្នែក ឬរាប់ម្រាមដៃមួយភ្លែតប៉ុណ្ណោះ គឺមានមនុស្សជាច្រើនបានបាត់បង់ជីវិត ដែលជាទុក្ខសោក និងជាបន្ទុកដ៏ធំធេងសម្រាប់គ្រួសារ និងសង្គមជាតិ។


ស្របពេលជាមួយគ្នានេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានពន្យល់បន្ថែមពីផលប៉ះពាល់ផ្នែកវេជ្ជសាស្ត្រថា ការញៀនស្រាមិនត្រឹមតែបំផ្លាញសរីរាង្គកាយ ដូចជា ថ្លើម បេះដូង និងលំពែងនោះទេ ប៉ុន្តែវាថែមទាំងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្តទៀតផង។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត បានលើកឡើងថា អ្នកដែលញៀនស្រាភាគច្រើន តែងជួបប្រទះបញ្ហាគេងមិនលក់ ហើយនៅពេលដែលគេងមិនលក់ វានឹងរុញច្រានឱ្យកើតមានវិបត្តិផ្លូវចិត្ត ឬស្រ្តេសធ្ងន់ធ្ងរ។ អ្នកឧកញ៉ាបានបន្តទៀតថា «បញ្ហាផ្លូវចិត្តនេះ មានទំនាក់ទំនងផ្ទាល់យ៉ាងជិតស្និទ្ធជាមួយជំងឺក្រពះ ឱ្យតែមានវិបត្តិផ្លូវចិត្ត ជំងឺក្រពះនឹងរើឡើងភ្លាមៗ ដែលនេះជាមូលហេតុចម្បងធ្វើឱ្យប្រជាពលរដ្ឋខ្មែរភាគច្រើនពេលទៅជួបគ្រូពេទ្យ តែងតែត្រូវបានរកឃើញថាមានជំងឺរលាកក្រពះមុនគេ។


ក្រៅពីបញ្ហាសុខភាពផ្ទាល់ខ្លួន អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានចង្អុលបង្ហាញពីផលប៉ះពាល់នៃការផ្សព្វផ្សាយ និងការសេពគ្រឿងស្រវឹងទៅលើសង្គមទាំងមូល ដោយសារវាជាដើមហេតុបង្កឱ្យមានអំពើហិង្សាក្នុងគ្រួសារ គ្រោះថ្នាក់ចរាចរណ៍ ការបាត់បង់ជីវិត និងការបែកបាក់គ្រួសារដែលធ្វើឱ្យកុមារជាច្រើនត្រូវកំព្រា។ លោកបានអំពាវនាវ និងជំរុញឱ្យមានការរួមគ្នាក្នុងការការពារ អប់រំ និងថែរក្សាកុមារ ក៏ដូចជាយុវជនឱ្យជៀសឆ្ងាយពីគ្រឿងស្រវឹង និងភេសជ្ជៈផ្អែម ដើម្បីនាវានៃអនាគតដ៏ភ្លឺស្វាង៕
ដោយ ទូច វលក័្ខណ





