AKP សៀមរាប ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦--
ឯកឧត្ដម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការ សម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃបានលើកឡើងថា មន្ត្រីក្របខ័ណ្ឌក្រសួងមហាផ្ទៃ ត្រូវតែទទួលបានការផ្សព្វផ្សាយ និងបណ្តុះបណ្តាលឱ្យយល់ដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន ដើម្បីចៀសផុតពីការពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ ការលើកឡើងរបស់ឯកឧត្ដមឧត្ដមសេនីយ៍ឯក បែបនេះក្នុងពិធីបណ្ដុះបណ្ដាលនិងផ្សព្វផ្សាយគោលនយោបាយ គោលការណ៍ផែនការ និងចំណេះដឹងជាមូលដ្ឋាន ស្តីពីបញ្ហាគ្រឿងញៀនដល់ មន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ នៃរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ដែលមានអ្នកចូលរួមសរុប៣៥០នាក់ នៅសាលាខេត្តសៀមរាប ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានវាយតម្លៃខ្ពស់ចំពោះខេត្តសៀមរាប ដែលបានឆ្លើយតបនឹងគោលការណ៍ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានកំណត់ថា៖ “គ្រប់មន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្របខ័ណ្ឌក្រសួងមហាផ្ទៃទាំងអស់ ត្រូវតែទទួលបានការផ្សព្វផ្សាយ និងបណ្តុះបណ្តាលឱ្យយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ចៀសផុតពីការពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ពិសេសចៀសផុតពីការរកឃើញសារធាតុញៀនក្នុងទឹកមូត្រ»។

ជាមួយគ្នានេះ លោក សំកុល សុចិត្រា ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាបបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយទទួលលទ្ធផលល្អប្រសើរជាច្រើនទាំងការងារផ្សព្វផ្សាយ អប់រំ ការអនុវត្តច្បាប់ និងវិធានការរដ្ឋបាល សំដៅរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម ។

ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានពាំនាំនៅប្រសាសន៍ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿនឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងអំណរគុណ កោតសរសើរចំពោះកិច្ចខិតខំរបស់ខេត្តសៀមរាបយកចិត្តទុកដាក់លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាងសកម្មទទួលបានលទ្ធផលល្អ និងបានចែករំលែកចំណេះដឹងនិងសារៈសំខាន់នៃកម្មវិធីទូរសព្ទដៃ App NoDrug ដើម្បីសម្រួល ពង្រឹងបាននូវប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ឯកឧត្ដម ឧត្ដមសេនីយ៍ឯកបានបន្ដថា កម្មវិធីទូរសព្ទដៃ App NoDrug ប្រជាពលរដ្ឋអាចប្រើប្រាស់បានដោយសេរី រាយការណ៍ដោយសេរី រាល់ករណីគ្រឿងញៀនដែលខ្លួនបានឃើញនៅក្នុងមូលដ្ឋានហើយទទួលបានការដោះស្រាយយ៉ាងមានប្រសិទ្ធភាព ក្នុងនោះ "ប្រជាពលរដ្ឋម្នាក់ជាភ្នាក់ងារផ្សព្វផ្សាយ App NoDrug ម្នាក់" ហើយប្រជាពលរដ្ឋប្រើប្រាស់ App NoDrug បានកាន់តែច្រើនការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅមូលដ្ឋាននឹងបានកាត់បន្ថយឈានទៅលុបបំបាត់កាន់តែឆាប់រហ័ស៕


ដោយ៖ រិទ្ធី, ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន





