AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦--ទូតកម្ពុជាប្រចាំនៅកូរ៉េបានលើកឡើងថាគម្រោងការលើកកម្ពស់ចំណេះដឹងសុវត្ថិភាពចរាចរណ៍ដល់កុមារ និងការបង្កើតសួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមិនប៉ះពាល់បរិស្ថាន ដោយប្រើបញ្ញាសិប្បនិម្មិត (AI)របស់កូរ៉េនៅកម្ពុជាពិតជាមានសារៈសំខាន់។
នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Yun Jae-woong សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Dongguk University នៅសាកលវិទ្យាល័យ Dongguk ក្នុងទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

ក្នុងឱកាសនៃជំនួបកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមឯកអគ្គរាជទូត បានអបអរសាទរចំពោះសមិទ្ធិផលថ្មីៗនៃគណៈគ្រប់គ្រងសាកលវិទ្យាល័យ ដែលទើបសម្រេចបានក្នុងដំណើរទស្សនកិច្ចទៅកម្ពុជាកាលពីខែកញ្ញាកន្លងទៅ ពោលគឺការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើគម្រោង «ការលើកកម្ពស់ចំណេះដឹងសុវត្ថិភាពចរាចរណ៍ដល់កុមារ និងការបង្កើតសួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមិនប៉ះពាល់បរិស្ថាន ដោយប្រើបញ្ញាសិប្បនិម្មិត (AI)» ។

ដោយឯកឧត្តម បានលើកឡើងថាគម្រោងនេះពិតជាមានសារៈសំខាន់ និងចាំបាច់សម្រាប់កម្ពុជាក្នុងការជួយកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ហើយវាក៏ជាគម្រោងមួយដែលអាចជំរុញដល់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងកម្ពុជា និងសាកលវិទ្យាល័យ Dongguk ផងដែរ។

លោកសាកលវិទ្យាធិការ Yun បានមានប្រសាសន៍ថា សាកលវិទ្យាល័យ Dongguk ជាសាកលវិទ្យាល័យព្រះពុទ្ធសាសនា ហើយក៏ចង់បង្កើនកិច្ចសហការជាមួយបណ្តាប្រទេសកាន់ព្រះពុទ្ធសាសនាក្នុងតំបន់អាស៊ីអាគ្នេយ៍ ពិសេសប្រទេសកម្ពុជា។
លោកសង្ឃឹមថានឹងអាចមានគម្រោងសហប្រតិបត្តិការបន្ថែមផ្សេងទៀតជាមួយប្រទេសកម្ពុជា៕

ដោយ៖ ប៊ុនរិទ្ធ





