AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ -- លោក លី ហុងចុង (Li Hongzhong) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន (NPC) បានជួបជាមួយគណៈប្រតិភូមួយក្រុម ដែលដឹកនាំដោយលោក ប៊ើន ឡាង (Bernd Lange) ប្រធានគណៈកម្មាធិការទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុប នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ។
លោក លី ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានលើកឡើងថា ទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុប (EU) មានលក្ខណៈជាការបំពេញបន្ថែមនូវចំណុចខ្លាំងរៀងៗខ្លួន និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
លោក លី បានបញ្ជាក់ថា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចិន និងសហភាពអឺរ៉ុប អាចស្វែងរកដំណោះស្រាយដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរបានយ៉ាងពេញលេញ តាមរយៈកិច្ចសន្ទនាដោយឈរលើមូលដ្ឋានសមភាព។ លោកបានបន្ថែមថា សភាតំណាងប្រជាជនចិន (NPC) ត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយសភាអឺរ៉ុប ដើម្បីពង្រឹងសន្ទុះដ៏ល្អនៃការផ្លាស់ប្តូររវាងគ្នា និងដើរតួនាទីវិជ្ជមានក្នុងការជំរុញការអភិវឌ្ឍប្រកបដោយភាពល្អប្រសើរ និងស្ថិរភាពនៃទំនាក់ទំនងរវាងប្រទេសចិន និងសហភាពអឺរ៉ុប។
ចំណែកឯលោក ឡាង បានថ្លែងថា គណៈកម្មាធិការទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុប ត្រៀមខ្លួនរួចរាល់ក្នុងការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយភាគីចិន ព្រមទាំងជំរុញកំណើនប្រកបដោយស្ថិរភាព និងតុល្យភាពនៃពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងប្រទេសចិន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





