AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ -- ស្ថានទូតចិនប្រចាំប្រទេសហ្ស៊ីមបាវ៉េ បានឱ្យដឹងកាលពីថ្ងៃពុធ ដោយផ្អែកលើទិន្នន័យគយចិនថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសចិន និងប្រទេសហ្ស៊ីមបាវ៉េ បានកើនឡើងដល់ ៥,០១ប៊ីលានដុល្លារអាម៉េរិក ក្នុងរយៈពេល ៣ត្រីមាសដំបូងនៃឆ្នាំ ២០២៦ ដែលស្មើនឹងកំណើន ៥១,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ស្ថានទូតចិនបានលើកឡើងនៅក្នុងការបង្ហោះមួយនៅលើបណ្តាញសង្គមអ៊ិចថា៖ «ការនាំចេញថ្នាំជក់ពីហ្ស៊ីមបាវ៉េទៅកាន់ប្រទេសចិន មានតម្លៃ ៨៦០លានដុល្លារអាម៉េរិក ដែលកើនឡើង ៩,៣%»។
ស្ថានទូតបានបន្ថែមថា ផ្លែប៊្លូបឺរីរបស់ប្រទេសហ្ស៊ីមបាវ៉េ បានចូលទៅក្នុងទីផ្សារចិនជាលើកដំបូងនៅក្នុងខែកក្កដា ដោយស្ថានទូតបានគូសបញ្ជាក់ថា ការកើនឡើងយ៉ាងខ្លាំងនៃពាណិជ្ជកម្មរវាងប្រទេសចិន និងហ្ស៊ីមបាវ៉េ គឺជាឧទាហរណ៍នៃភាពជាដៃគូដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងសងខាង។
ចាប់តាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំនេះមក ប្រទេសចិនបានអនុវត្តគោលនយោបាយលើកលែងពន្ធគយសម្រាប់ប្រទេសអាហ្វ្រិកទាំង ៥៣ប្រទេសដែលមានទំនាក់ទំនងការទូតជាមួយខ្លួន។
យោងតាមសភាពាណិជ្ជកម្ម ZimTrade ដែលជាស្ថាប័នជំរុញ និងអភិវឌ្ឍពាណិជ្ជកម្មរបស់ហ្ស៊ីមបាវ៉េ បានឱ្យដឹងថា ប្រទេសហ្ស៊ីមបាវ៉េភាគច្រើននាំចេញរ៉ែ ថ្នាំជក់ និងផលិតផលកសិកម្មផ្សេងៗទៀតទៅកាន់ប្រទេសចិន ហើយនាំចូលគ្រឿងចក្រ ឧបករណ៍អគ្គិសនី និងទំនិញផលិតសម្រេចនានាពីប្រទេសចិន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)
