AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ -- កាលពីថ្ងៃពុធ មានការរៀបចំព្រឹត្តិការណ៍តភ្ជាប់ទំនាក់ទំនងធុរកិច្ចមួយ ដែលបានប្រមូលផ្តុំមន្ត្រីរដ្ឋាភិបាលមូលដ្ឋាន និងតំណាងធុរកិច្ចមកពីប្រទេសចិន និងប្រទេសស្វីស ដើម្បីស្វែងរកឱកាសសហការគ្នាក្នុងវិស័យជីវវេជ្ជសាស្ត្រ និងបញ្ញាសិប្បនិម្មិត (AI)។
នៅក្នុងសន្និសីទនោះ លោក គ្រីស្ត័ប ស្ការឺ (Christoph Scharrer) ប្រធានទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចនៃរដ្ឋស្កាហ្វូសេន (ស្ថិតនៅភាគខាងជើងប្រទេសស្វីស) បានលើកឡើងពីសក្តានុពលដ៏ធំធេងសម្រាប់ការសហការជាមួយខេត្តហ៊ូណាន របស់ប្រទេសចិន។
លោកបានមានប្រសាសន៍ថា៖ «យើងមើលឃើញឱកាសសំខាន់ៗសម្រាប់ការសហការផ្នែកឧស្សាហកម្មរវាងតំបន់ទាំងពីររបស់យើង»។
លោកបានកត់សម្គាល់ថា រដ្ឋស្កាហ្វូសេនមានចំណុចខ្លាំងលើឧស្សាហកម្មកម្រិតខ្ពស់ដែលទាមទារភាពជាក់លាក់ច្បាស់លាស់ រួមទាំងវិស័យសំខាន់ៗដូចជា វិទ្យាសាស្ត្រជីវិត ការផលិតកម្រិតខ្ពស់ បច្ចេកវិទ្យាគ្រឿងយន្ត និងនិរន្តរភាព។ ចំណែកឯខេត្តហ៊ូណានវិញ មានប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មដែលរីកចម្រើនល្អ មានសមត្ថភាពផលិតកម្មរឹងមាំ និងមានសហគមន៍សហគ្រាសដ៏រស់រវើកដែលផ្តោតលើការបង្កើតថ្មី។
លោកស្រី លីវ ស៊ូយេ (Liu Suyue) អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តហ៊ូណាន ដែលជាអ្នករៀបចំព្រឹត្តិការណ៍នេះ បានឱ្យដឹងថា ខេត្តហ៊ូណាន និងរដ្ឋស្កាហ្វូសេន បានបង្កើតទំនាក់ទំនងជាខេត្ត និងរដ្ឋមិត្តភាពតាំងពីឆ្នាំ២០១៨ មកម្ល៉េះ។ ចាប់តាំងពីពេលនោះមក ភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរគ្នាលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សុខាភិបាល ការអប់រំ និងវិស័យផ្សេងៗទៀត។
លោកស្រី លីវ បានកត់សម្គាល់ថា ជីវវេជ្ជសាស្ត្រ និងបញ្ញាសិប្បនិម្មិត (AI) គឺជាវិស័យពីរដែលមានកំណើនលឿនបំផុតនៅក្នុងខេត្តហ៊ូណាន ហើយក៏ជាវិស័យដែលមានសក្តានុពលខ្ពស់បំផុតសម្រាប់ការសហការរវាងភាគីទាំងពីរផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





