AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ -- ប្រទេសកូរ៉េខាងត្បូង និងអាល្លឺម៉ង់ បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍នេះ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រកម្រិតកំពូល» ដែលតាមរយៈនេះប្រទេសទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសន្តិសុខ និងបច្ចេកវិទ្យាសម្រាប់អនាគត។
កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចឡើងនៅក្នុងជំនួបកំពូលមួយរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) និងអធិការបតីអាល្លឺម៉ង់ លោក ហ្វីដរីច មឺស (Friedrich Merz) នៅទីក្រុងសេអ៊ូល ដែលនេះគឺជាជំនួបពិភាក្សាទ្វេភាគីលើកទី៣ របស់ពួកគេ។ ជំនួបចុងក្រោយរវាងមេដឹកនាំទាំងពីរបានធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលនៃក្រុមប្រទេសទាំងប្រាំពីរ (G7) ក្នុងប្រទេសបារាំង កាលពីខែមិថុនា។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ប្រទេសទាំងពីរបានសម្តែងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការពារជាតិតាមរយៈការផ្លាស់ប្ដូរយោធាជាប្រចាំ និងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល ក៏ដូចជាការផ្លាស់ប្តូរព័ត៌មាន។
សេចក្តីថ្លែងការណ៍បាននិយាយថា «ដើម្បីសម្រេចគោលដៅនេះ ពួកគេនឹងបន្តធ្វើកិច្ចពិភាក្សាបុគ្គលិកគោលនយោបាយសន្តិសុខទ្វេភាគីរវាងក្រសួងការពារជាតិរៀងៗខ្លួនលើគោលនយោបាយសន្តិសុខ និងកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ»។
ប្រទេសទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់កិច្ចព្រមព្រៀងទ្វេភាគីស្តីពីការការពារព័ត៌មានយោធាសម្ងាត់ និងស្វែងយល់ពីវិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងឧស្សាហកម្មការពារជាតិ។
លើសពីនេះ ប្រទេសទាំងពីរបានសម្តែងការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការផ្លាស់ប្តូរកម្រិតខ្ពស់ជាប្រចាំ រួមទាំងកិច្ចសន្ទនាយុទ្ធសាស្ត្ររបស់រដ្ឋមន្ត្រីការបរទេស ក៏ដូចជាការពង្រីកកិច្ចសន្ទនាទ្វេភាគីបន្ថែមទៀតលើសន្តិសុខតាមអ៊ីនធឺណិត និងការដោះស្រាយហានិភ័យ និងឱកាសដែលកើតចេញពីបញ្ញាសិប្បនិម្មិត (AI)។
នៅលើវិស័យសេដ្ឋកិច្ច និងបច្ចេកវិទ្យា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម បច្ចេកវិទ្យានាពេលអនាគត និងនវានុវត្តន៍ រួមទាំងវិស័យរថយន្ត អាគុយ បញ្ញាសិប្បនិម្មិតឧស្សាហកម្ម និងមនុស្សយន្ត តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាក់ព័ន្ធ ។នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយ។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា «ភាគីទាំងពីរខិតខំដើម្បីការផ្លាស់ប្តូរប្រកបដោយចីរភាពនៃឧស្សាហកម្មសំខាន់ៗរបស់ពួកគេ ហើយប្តេជ្ញាប្រើប្រាស់កម្លាំងបំពេញបន្ថែមរបស់ពួកគេដើម្បីធានាបាននូវភាពជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យា»៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





